រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ប្រកាស​ដក​អាជ្ញា​ប​ណ្ណ័ ចំពោះ​បណ្តាញសារព័ត៌មាន​ណា មិន​ស្តាប់​ការ​ណែនាំ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​សារព័ត៌មាន ដែល​គេ​គោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ ។

ការ​ប្រកាស​របស់ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២០ ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រសាសន៍​បន្ថែម​ថា ពាក់​ព​ន្ធ័​ទៅ​នឹង​បញ្ហា​នៃ​កា​រិះគន់​ពី​សាធារណជន ចំពោះ​បណ្តាញសារព័ត៌មាន ពិសេស​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន ដែល​បាន​ផ្សាយ​ហួស​ពី​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្ស​ន៏ ត្រូវ​ពិនិត្យ​ពី​អាជ្ញា​ប​ណ្ណ័ និង​កិច្ចសន្យា​នានា របស់ សារព័ត៌មាន​នោះ ដើម្បី​មាន​វិធានការ​ច្បាស់លាស់ បើ​នៅ​តែ​មិន​ស្តាប់​ការ​ណែនាំ ត្រូវ​ដក​អាជ្ញា​ប​ណ្ណ័​តែ​ម្តង កុំអោយ​មានការ​ផ្សាយ​ទៀត ដើម្បី​កុំអោយ​មានការ​ប៉ះពាល់ ដល់​សារព័ត៌មាន ដែល​គេ​គោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បញ្ជាក់​ថា ត្រូវ​ពិនិត្យ និង​ណែនាំ​ដល់​ស្ថាប័ន​អង្គភាព​សារព័ត៌មាន​ទាំងអស់ ដែល​ក្រសួង​ព័ត៌មាន​បាន​ចេញ​អាជ្ញា​ប​ណ្ណ័ អោយ និង​មិន​ត្រូវ​ដាក់​រូប​សញ្ញា​សម្គាល់ (​ឡូ​ហ្គោ​) របស់​ក្រសួង​ព័ត៌មាន នៅ​លើ​កាត សម្គាល់​ខ្លួន​បុគ្គលិក ដែល​ខ្លួន​ចេញ​អោយ​នោះ​ទេ ដើម្បី​កុំអោយ​មានការ​យល់​ច្រឡំ​មក​លើ​ក្រសួង​ព័ត៌មាន ។

ជាមួយ​គ្នា​នេះ អង្គភាព​សារព័ត៌មាន ត្រូវ​រាយ​ការ​ណ៏​មក​ក្រសួង​ព័ត៌មាន អំពី​ចំនួន​បុគ្គលិក​របស់​ខ្លួន ដែល​បាន​ប្រចាំការ​នៅ​កន្លែង​ណាខ្លះ កុំអោយ​មាន​ភាពរ​ញ៉េ​ររ​ញ៉ៃ ហើយ​គ្មាន​ការ​ទទួលខុសត្រូវ នៅ​ពេល​មាន​បញ្ហា​អ្វី​កើតឡើង ៕