រាជធានីភ្នំពេញ៖ នៅក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាពនៃការចត្តាឡីស័កកម្មករ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា មានរោងចក្រជាង១៣០ បានព្យួរការងារ ដែលនាំឱ្យប៉ះពាល់ដល់កម្មករ និយោជិតនៅកម្ពុជា ជិត១០ម៉ឺននាក់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ខាងភាគីរោងចក្រចង់បិទទ្វាររោងចក្រតែម្ដង ប៉ុន្តែដោយសារមានការពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាល ទើបថៅកែរោងចក្រសម្រេចចិត្ត ត្រឹមព្យួរការងារកម្មករសិន ដែលវាអាចផ្ដល់អត្ថប្រយោជន៍ខ្លះដល់ពួកគេ។ អ្នកបញ្ជាទិញយល់ព្រមបង់នូវអ្វីដែលពួកគេ បានចុះកុងត្រាក្នុងកិច្ចសន្យា ប៉ុន្តែគ្រាន់តែពួកគេ មិនទាន់ឱ្យកម្ពុជា នាំចូលទីផ្សាររបស់ពួកគេប៉ុណ្ណោះ ដោយសារបារម្ភពីបញ្ហាកូវីដ១៩។

លោកហេង សួរ បញ្ជាក់ថា មិនមែនប្រទេសយើងទេ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ គឺបណ្ដាប្រទេសលើពិភពលោកទាំងអស់។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ ត្រូវរក្សាការងារឱ្យបានល្អ ដើម្បីបញ្ចៀសការបាត់បង់ ក្នុងកាលៈទេសៈដ៏លំបាកនេះ៕