ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់៤នាក់ ដែលបានវង្វេងនៅក្នុងរមណីយដ្ឋានថ្មក្រាល កាលពីម្សិលមិញនោះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសាររកឃើញវិញ កាលពីវេលាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស។

ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ទាំង៤នាក់ រួមមាន៖ ទី១ឈ្មោះ លាស់ ភាស់ត្រា ភេទប្រុស អាយុ២៥ឆ្នាំ , ទី២ឈ្មោះប៉េ ប៊ុនសំណាង ភេទប្រុស អាយុ២៣ឆ្នាំ , ទី៣ ឈ្មោះ ប៉េ ប៊ុនលាភ ភេទស្រី អាយុ១២ឆ្នាំ និងទី៤ឈ្មោះ ឡេង គឹមខេង ភេទប្រុស អាយុ១១ឆ្នាំ ។

មុនពេលកើតហេតុ នៅម៉ោងជាង៤ល្ងាចថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ ពួកគេទាំង៤នាក់បាននាំគ្នាឡើងទៅលេងផ្នែកខាងលើនៃរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដោយទុកឲ្យលោកយាយពីរនាក់ នៅចាំខាងក្រោម ។លុះដល់ម៉ោងប្រមាណជាង ៦ល្ងាច ថ្ងៃជិតយប់ទៅហើយ នៅតែមិនឃើញអ្នកទាំង៤ត្រឡប់មកវិញ លោកយាយទាំង២នាក់ ក៏បានដើរទៅសួរគេឯងជិតៗនោះ ទើបបង្កឲ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរៗនោះតែម្ដង ហើយកម្លាំងប្រជាការពារ សហគមន៍នៅទីនោះ បានដើរស្រែកប្រកាសតាមមេក្រូ ក៍នៅតែមិនមានដំណឹងឆ្លើយតបមកវិញ ។

បន្ទាប់មក ដោយដឹងថាទីតាំងនោះ មានបារមីខ្លាំងពូកែ ខ្លាចក្រែងអ្នកទាំង៤ខុសមាត់ខុស.កអ្វីជាមួយនឹងបារមីអ្នកតាភ្នំ ចាស់ទុំនៅទីនោះ ក៏បានទៅរកគ្រូមកបញ្ជាន់រូប ហើយគ្រូនោះបានប្រាប់ថា អ្នកទាំង៤នាក់នោះ បានខុសមាត់ជាមួយនឹងអ្នកតាភ្នំដែលមានបារមី ហើយត្រូវបានចាស់ទុំនៅទីនោះនាំគ្នាក្រាបសំពះអង្វរករ និងសន្យាថានៅថ្ងៃ ៩កើត ខាងមុខនេះនឹងសែនព្រេនដល់បារមីអ្នកតាភ្នំ ធ្វើយ៉ាងណាឲ្យតែរកឃើញអ្នកទាំង៤នាក់នោះវិញ។

លុះដល់ម៉ោង១១យប់ ថ្ងៃដដែលនោះ ក៏បានប្រទះឃើញអ្នកទាំង៤នាក់នោះ នៅកណ្ដាលព្រៃដ៍ជ្រៅស្ងាត់ជ្រងំ តែពួកគេនិយាយស្តីហាក់ដូចជារវើរវាយខុសប្រក្រតី ហើយបាននាំយកត្រឡប់មកប្រគល់ឲ្យទៅក្រុមគ្រួសារនាំយកទៅលំឋានវិញ និងបានសន្យាថា នៅថ្ងៃ៩កើតខាងមុខនេះ នឹងយកសំណែនទៅសែនឲ្យអ្នកតាភ្នំនៅទីនោះដើម្បីសុំលាមាត់លា.ក៕