រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ២០២០ នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៣​រូប ដែល​ឆ្លង កូ​វី​ដ​១៩ នៅ​ក្នុង​តំបន់​បេសកកម្ម នៃ​ប្រទេស​ម៉ា​លី មាន​សុខភាព​ល្អ​ប្រសើរ​ទេ ក្រោម​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​របស់​ប្រទេស​ម៉ា​លី ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​អង្គការសហប្រជាជាតិ ដែល​មាន​វត្ត​មាននៅ​ទីនោះ​។​

​នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី បាន​បន្ត​ថា ដោយឡែក​កងទ័ព​ខៀវ​ចំនួន​១១​នាក់​ផ្សេង​ទៀត ដែល​ធ្លាប់​មាន​ប្រវត្តិ​ទាកទង​ផ្ទាល់​ជាមួយ​កងទ័ព​ទាំង​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ ឱ្យ​ស្នាក់​នៅ​ដាច់​ដោយឡែក ដើម្បី​តាមដាន​អាការ​សុខភាព ក៏​ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃនេះ សុខភាព​របស់​ពល​ទាហាន​ទាំង​១១​នាក់​នោះ មាន​សុខភាព​ល្អ​ធម្មតា គឺ​មិន​មាន​លេច​ចេញ​រោគ​សញ្ញា​ណាមួយ​ពាក់ព័ន្ធ នឹង​វីរុស កូ​វី​ដ​១៩ នោះ​ទេ ។

សូមជម្រាបថា កងទ័ព​មួក​ខៀវ​កម្ពុជា ​៣​នាក់ ឆ្លង​កូ​វី​ដ​-១៩ នៅ​ប្រទេស​ម៉ា​លី

ឧត្តមសេនីយ៍ឯក ផល សា​ម៉​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​ត​ម្លាំ​ង​រក្សា​សន្តិភាព បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា​នេះ​ថា ពេល​នេះ អង្គការសហប្រជាជាតិ ហៅ​កាត់ UN និង​ក្រសួងការពារជាតិ​កម្ពុជា បាន​និង​កំពុង​តាមដាន និង​បញ្ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា មក​សម្រាក​ព្យាបាល ដោយ​យកចិត្តទុកដាក់​បំផុត នៅ​ក្នុង​មន្ទីរពេទ្យ បា​មា​កូ ប្រទេស​ម៉ា​លី ។ ក្នុង​នោះ មាន​ប្រុស​២​នាក់ ស្រី​១​នាក់ គឺ​ពិនិត្យ​រក​ឃើញ វិជ្ជមាន កូវីដ១៩ ៕