ខេត្តស្វាយរៀង៖ ដោយសារជម្លោះពាក្យសំដីក្នុងវង់ផឹកស៊ី ភាគីជនសង្ស័យមានគ្នា៧នាក់ បានទាញដំបងនិងពូថៅវាយកាប់ភាគីជនរងគ្រោះប្រុសស្រី៥នាក់ ឲ្យរងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំមួយ ស្ថិតក្នុងភូមិឃុំកើតហេតុ។

ជនរងគ្រោះទី១ឈ្មោះនេត ខ្វាង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រងរបួសលើចិញ្ចើម១ពូថៅ រងរបួសធ្ងន់ ត្រូវគ្រូពេទ្យដេរចំនួន១២ថ្នេរ , ទី២ឈ្មោះហែម ពុំ ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសលើចិញ្ចើមខាងឆ្វេង១ពូថៅ រងរបួសធ្ងន់ ដេរចំនួន៧ថ្នេរ , ទី៣ឈ្មោះពោជ រី ភេទស្រី អាយុ៥៥ឆ្នាំ រងរបួស១ដំបង ជាំកំភូនដៃ និងខ្នងដៃខាងឆ្វេង , ទី៤ឈ្មោះយ៉ាត់ ធី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសជាំកំភូនដៃខាងឆ្វេង និងទី៥ឈ្មោះយ៉ាត់ ឆាយ ភេទស្រី អាយុ១៧ឆ្នាំ រងរបួសដាច់បាតដៃខាងស្តាំ។
អ្នករងគ្រោះទាំង៥នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យដែលជាភាគីបង្កចំនួន៧នោះ រួមមាន៖ ទី១ឈ្មោះសូរ ប៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ , ទី២ឈ្មោះសូរ បុត្រ ភេទប្រុស អាយុ២៨ឆ្នាំ, ទី៣ឈ្មោះស៊ាន ស៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ , ទី៤ឈ្មោះស៊ាន ភ័រ ភេទប្រុស អាយុ២៣ឆ្នាំ , ទី៥ឈ្មោះស៊ាន ដែត ភេទប្រុស អាយុ២៥ឆ្នាំ , ទី៦ឈ្នោះយាប់ ខ្មុំ ភេទស្រី អាយុ៣២ឆ្នាំ និងទី៧មានឈ្មោះ ខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ ។ ទាំង៧នាក់រស់នៅភូមិជាមួយក្រុមជនរងគ្រោះ។

បើតាមភាគីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុឲ្យមានករណីហឹង្សានេះកើតឡើង គឺដោយសារផឹកស្រាស្រវឹង មានទំនាស់ពាក្យសំដីគ្នា ហើយនាំគ្នាចេញពីវង់ផឹកស៊ី មកក្រៅផ្ទះ ស្រាប់តែភាគីជនសង្ស័យមានគ្នា៧នាក់ បានទាញដំបងនិងពូថៅកាប់វាយភាគីជនរងគ្រោះប្រុសស្រី៥នាក់ ឲ្យរងរបួសធ្ងន់ស្រាលនៅលើផ្លូវតែម្ដង។ ភ្លាមៗនោះ ជនសង្ស័យដែលជាភាគីបង្កចំនួន៧ ក៍បានរត់គេចខ្លួនអស់ដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកមកព្យាបាលនៅមណ្ឌលសុខភាពត្នោត និងបានដាក់ពាក្យបណ្ដឹងមកសមត្ថ កងរាជអាវុធហត្ថ និងនគរបាលស្រុក ដើម្បីស្រាវជ្រាវចាប់ខ្លូនក្រុមភាគីបង្ក យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះស្គាល់អត្តសញ្ញាណអស់ហើយ៕