រាជធានីភ្នំពេញ៖ ជនបរទេសប្រុសស្រី២នាក់នេះ បានលួចមកស្នាក់នៅលើភ្នំឱរ៉ាល់ ដំណាក់ទី១ អស់រយៈពេលជាង១ខែហើយ ដោយមិនបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យដឹងឮទាល់តែសោះ ដោយមិនថាការមកស្នាក់នៅទីនោះ ពួកគេមានបំណងអ្វីទេ សូម្បីតែលោកតាន់ គីមសួរ ធ្វើការសាកសួរ ក៏ពួកគេមិននិយាយស្តីជាមួយដែរ។

លោកតាន់ គីមសួរ បានបង្ហោះរូបជនបរទេសទាំង២នាក់នោះ នៅហ្វេសប៊ុកផេក Tan Kimsour កាលពី២ម៉ោងមុន ភ្ជាប់ជាមួយនឹងសំណេរថា « មិនដឹងជាជនជាតិបរទេសពីរនាក់នេះមានគោលបំណងអ្វីទេ មិនដឹងជាអាក្រក់ ឬល្អ បានជាមកស្នាក់នៅលើភ្នំឱរ៉ាល់ ដំណាក់ទី១អស់រយៈពេលជាង១ខែហើយ ដោយមិនមានការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាល់តែសោះ? ហើយពេលពួកយើងសួរនាំ ក៏មិនស្តីរក។ អ្វីដែលជាការព្រួយបារម្ភនោះគឺ បើសិនជាពួកគាត់ជួបបញ្ហាដោយប្រការណាមួយ តើអ្នកណាជាអ្នកទទួលខុសត្រូវ? ហើយបើពួកគាត់មានបំណងមិនល្អ តើនឹងអាចមានបញ្ហាដល់ប្រជាជននៅតំបន់នោះដែរ ឬទេ? ខ្ញុំមិនដឹងជាត្រូវផ្តល់ដំណឹងនេះជូនទៅអ្នកណាទេ មានតែតាមរយៈបងប្អូនអ្នកលេងតាមបណ្តាញហ្វេសប៊ុកនេះហើយ សូមចូលរួមដោយចែកចាយបន្តនូវព័ត៌មាននេះផង»៕