រាជធានីភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យនារីម្នាក់ដួលម៉ូតូបោកក្បាលស្លាប់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួង កម្លាំងការរិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ហ្រ្គីន ស្ថិតនៅផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១-ឈ្មោះចាន់ មុន្នីរ័ត្ន ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨១ ផ្លូវ១០៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរសិស្សវិទ្យាល័យបាក់ទូក ។ ទី២-ឈ្មោះអាន សុខវិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៧ អឺ0 ហ្សិត ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ទី៣-ឈ្មោះស៊ីន សុរ៉ាយុត្ន ហៅឌីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៥០ អឺហ្សិត ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ទី៤-ឈ្មោះឡាយ ពេជ្របញ្ញា ភេទប្រុស ។ ដកហូតវត្ថុតាងបានម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូក ១គ្រឿង។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៣០នាទី នៅមូលដ្ឋានចំនុចមុខដីឡូ លេខ២ ក្រុម៣៤ ភូមិ៤ ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ បណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូបោកក្បាលស្លាប់ ។ នារីរងគ្រោះ បាត់បង់ ខ្សែដៃមាស១ខ្សែ ទន្ងន់១តម្លឹងកន្លះ ចិញ្ចៀនពេជ្រ១វង់, ខ្សែកផ្លាទីនមួយខ្សែ បណ្តោងពេជ្រ និងចិញ្ចៀនមាសមួយវង់ចំនួន៥ជី ប្រាក់ដុល្លារ៤ ០០០ដុល្លារ និងប្រាក់រៀលមួយចំនួន និងទូរស័ព្ទ០២គ្រឿង។

ជនសង្ស័យចំនួន៤នាក់ រួមនឹងវត្ថុតាងខាងលើ បានឃាត់នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការ តាមនីតិវិធីច្បាប់៕