ភ្នំពេញ៖ រថយន្តម៉ាកសឺដេស១គ្រឿង មិនដឹងមានបញ្ហាអ្វីទេ ត្រូវបានគេយកមកចតផ្លុងទុកចោលអស់រយ:ពេល២-៣ថ្ងៃមកហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ស្ថិតលើផ្លូវបេតុងBC 01 ក្នុងបុរីប៊ុនជេស្ឋ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

រថយន្តខាងលើ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-3598 ពណ៌ទឹកប្រាក់។

សមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប បានឲ្យដឹងថា នៅកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែមេសា មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា គាត់ប្រទះឃើញរថយន្តម៉ាកសឺដេស ១គ្រឿង សង្ស័យត្រូវគេយកមកផ្លុងចោល នៅទីតាំងកើតហេតុ អស់រយ:ពេល២យប់៣ថ្ងៃមកហើយ មិនឃើញម្ចាស់នោះទេ។

ក្រោយពីទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប បានចុះមកដល់ចំណុចកើតហេតុ និងបានស្ទូចរថយន្តខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍បណ្តោះអាសន្ន រង់ចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់ មកយកទៅប្រើប្រាស់វិញ៕