ភ្នំពេញ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតឡើងទៅបុកខឿនសួនច្បារ រួចជ្រុលទៅបុកបង្គោលប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មមួយដើម បាក់រាបដល់ដី។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងមុខសាលារៀនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក HINO ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-6557 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងមានបញ្ហាអ្វី បានរេចង្កូតមកខាងស្តាំដៃឡើងទៅលើបុកខឿនសួនច្បារ រួចជ្រុលទៅបុកបង្គោលប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម បាក់រាបដល់ដី ហើយរថយន្តកល់ជាប់លើសួន ទៅមុខលែងរួច ភ្លាមៗនោះអ្នកបើករថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕