ខេត្តសៀមរាប៖ មន្ត្រីអភិរក្សអង្គរ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែដើមក្ងោកពុកគល់មួយដើម ដួលរលំសង្កត់ពីលើ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិ៍លង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះទាំងពីរនាក់៖ ១ .ឈ្មោះ មូ ពីរូ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ ក្បាល និងស្មា ។

២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ ២០១៨ ពណ៌ក្រហមលាយខ្មៅ មិនចាំផ្លាកលេខ បាក់កែប និងតួចំពាក់កណ្ដាល ។

មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះ ក្នុងបំណងទៅផ្សារពោធិ៍លង្កា ។ លុះមកដល់ចំណុចខាងលើស្រាប់តែដើមក្ងោកពុកគល់មួយដើមនៅក្បែរចិញ្ចើមផ្លូវដួលរលំសង្កត់ពីលើ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះជួយបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូ កូនរបស់ជនរងគ្រោះបានមកយកទៅផ្ទះវិញ ៕