ខេត្តកណ្តាល៖ បុរស២នាក់ជាបងប្អូនថ្លៃនឹងគ្នា បានកើតមានជម្លោះស៊ីសាច់ហុតឈាមគ្នាជាយូរណាស់មកហើយ រហូតបុរសជាបងថ្លៃយកព្រនង់លប់ស្ទាក់វាយប្អូនថ្លៃទៀតផង តែមិនត្រូវប្អូនថ្លៃ បែរជាត្រូវក្មួយប្រុសដែលមិនដឹងអីសោះ ១ព្រនង់ធ្លាក់លើម៉ូតូសន្លប់ស្តូក។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះឈ្មោះណាង ភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ។

ជនរងគ្រោះឈ្មោះសុខ ហេង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិគោមក្រៀម ឃុំវិហារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែក ជនសង្ស័យ ឈ្មោះធឿន សុខហឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម (គេចខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះធឿន សុខហឿន មានទំនាស់ជាមួយឈ្មោះឡេង សៀងឡុង ដែលត្រូវជាបងថ្លៃជាយូរមកហើយ ។ លុះនៅថ្ងៃកើតហេតុ ឈ្មោះឡេង សៀងឡុង បានជិះម៉ូតូឌុបប្រពន្ធនិងជនរងគ្រោះឈ្មោះសុខ ហេង ដែលត្រូវជាក្មួយទៅលេងផ្ទះឪពុកក្មេក តែដឹងអី ពេលដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានស្ទុះវាយ ឈ្មោះឡេង សៀងឡុង និងព្រនង់ឈើមូល តែមិនត្រូវ ក៏ត្រូវជនរងគ្រោះដែលជិះម៉ូតូជាមួយខាងក្រោយចំក្បាល បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីសង្រ្គោះជីវិត។ ពេលនេះ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំបួរបានស្រាវជ្រាវបន្ត ស្វែងរកជនសង្ស័យ និងកសាងសំណុំចាត់ការតាមនីតិវិធី៕