ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលបានប្រគល់ខ្លួនជនដៃដល់ជាមន្រ្តីយោធា បាញ់សម្លាប់ប្រពន្ធដើម ដោយសារប្រពន្ធខឹងប្តីរបស់ខ្លួនលួចមានស្រីកំណាន់ចិត្ត ហើយធ្វើផ្ទះឲ្យស្រីកំណាន់ចិត្តនោះ ស្អាតល្អជាងផ្ទះខ្លួនឯងនោះ ត្រូវសមត្ថកិច្ចនគរបាលបានប្រគល់ខ្លួនទៅឲ្យខាងកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាមន្រ្តីយោធា ពាក់ស័ក្តិ៤ តួនាទីជាជំនួយការលោក មុំ លីមឿន អគ្គលេខាធិការក្រសួងការពារជាតិ មានស្រុកកំណើត រស់នៅខេត្តបាត់ដំងបង។

រីឯជនរងគ្រោះជាប្រពន្ធដែលស្លាប់នោះ ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។ អ្នកទាំង២មានកូនស្រីជំទង់ម្នាក់ក្នុងបន្ទុក ហើយមានផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានលក់ផ្ទះនៅក្រុងតាខ្មៅនោះ យកលុយទៅធ្វើផ្ទះថ្មីនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង តែធ្វើមិនទាន់រួចរាលនៅឡើយទេ។

កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្ដីប្រពន្ធ២នាក់នេះ បានឈ្លោះគ្នាក្នុងរថយន្ដ ពេលកំពុងបើកបរតាមផ្លូវ និងបានប្រវាយប្រតប់គ្នារហូតឈានដល់ផ្ទុះអាវុធ ក៏ត្រូវប្រពន្ធស្លាប់ភ្លាមៗ ។ ពេលឃើញប្រពន្ធស្លាប់ ប្ដីក៏រៀបចំគ្របសពប្រពន្ធយ៉ាងត្រឹមត្រូវនៅលើរថយន្ត ម៉ាកព្រួស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២Ak-5430 រួចហើយបានទូរស័ព្ទទៅកាន់លោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ ដោយរៀបរាប់ថា គាត់ខុសហើយ ឈ្លោះប្រកែកជាមួយប្រពន្ធប្រវាយប្រតប់គ្នា ខណៈដែលកាំភ្លើងគាត់បានបញ្ចូលគ្រាប់ស្រាប់ ក៏ផ្ទុះត្រូវប្រពន្ធបណ្តាលអោយស្លាប់ ដូច្នេះគាត់មិនដឹងដោះស្រាយបែបណា គឺមានតែទទួលទោសកំហុស សូមឲ្យសមត្ថកិច្ចមកចាប់គាត់នៅផ្ទះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងចុះ ព្រោះគាត់កំពុងដឹកសពប្រពន្ធទៅផ្ទះនៅទីនោះ។

ខណៈនេះប្តីជាឃាតករ កំពុងស្ថិតក្នុការសាកសួរពីកងរាជអាវុធហត្ថស្រុកស្អាង៕