ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត
ដឹកនាំដោយលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្រប សម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឈានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៣នាក់។

ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់បានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០
នៅត្រង់ចំណុចផ្ទះជន សង្ស័យ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

អធិការនគរបាលស្រុកអូរយ៉ាដាវលោក សូយ សំណាង បានឲ្យដឹងថា ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន: ១–ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១ថង់ធំល្មម ស្មើនិង២១ថង់តូច
-ទូរស័ព្ទដៃ១គ្រឿង
-លុយខ្មែរចំនួន៥ម៉ឺនរៀលនិងម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកNEX ពណ៌ប្រផេះ ពាក់ស្លាកលេខ រតនគិរី 1E-5257និង១គ្រឿងទៀតម៉ាកWAVEពណ៌សរ អត់ស្លាកលេខ។

លោកអធិការបានបន្តទៀតថា ជនសង្ស័យ៣នាក់១.ឈ្មោះ ម៉េង ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។
២.ឈ្មោះ ពូយ បោះ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិច្រាយ។
៣.ឈ្មោះ ហ៉ឹម ម្លិះ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទាំង៣នាក់មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ខណ:ជនសង្ស័យទាំង៣នាក់មិនទាន់បានធ្វើតេស្តទឹកនោមរកសារធាតុញៀននៅក្នុងខ្លួននៅឡើយទេរង់ចាំមកដល់ស្នងការនគរបាលខេត្តទើបមានឧបករណ៍គ្រប់គ្រាន់។

ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវយកមកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធីច្បាប់៕