រាជធានីភ្នំ៖ រថយន្តឡង់គ្រីស័រផ្លាកលេខនគរបាល១គ្រឿង ខណៈដែលកំពុងបើកបរធ្វើដំណើរមិនចាប់អារម្មណ៍ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៥0នារីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាកកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3D-8485 បានជ្រុលចង្កូតទៅបុករថយន្តម៉ាកឡង់គ្រីស័រ ពីក្រោយដែលពាក់ផ្លាកលេខ នគរបាល 2-7138។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តទាំង 2 គ្រឿងបើកបរទិសដៅស្របគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នរថយន្តកុងតឺន័រ ក៏ជ្រុលចង្កូតមកបុករថយន្តឡង់គ្រីស័រ ពីក្រោយរងការខូចខាតនៅចំហៀងខាងក្រោយបណ្តាលឲ្យរថយន្តឡង់គ្រីស័ររងការខូចខាតយ៉ាងដំណំ។ រីឯមនុស្សមិនមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅ៣ ក៏បានចុះទៅដល់ទីតាំងដើម្បីធ្វើការវាស់វែង និងយករថយន្តមករក្សាទុកនៅចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។