ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ចូលដល់ឆ្នាំ១៩៧៤ របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ធ្លាក់ក្នុងស្ថានភាពដុនដាបកាន់តែធ្ងន់ធ្ងរទៅៗ កងទ័ពខ្មែរក្រហមចូលកាន់តែកៀកទីក្រុងភ្នំពេញ ប្រធានាធិបតីអាមេរិក Gerald Ford មិនអាចស្វែងរកជំនួយបន្ថែម ដើម្បីជួយរបបសាធារណរដ្ឋខ្មែរ បានតទៅទៀត គេនឹកឃើញថា ដើម្បីស្រោចស្រង់ស្ថានការណ៍នេះ គឺមានតែយាងសម្តេចសីហនុ ឲ្យត្រលប់មកដឹកនាំប្រទេសវិញ។

ខែធ្នូ ឆ្នាំ១៩៧៤ ប្រធានាធិបតីអាមេរិក លោក Gerald Ford បានជួបជាមួយប្រធានាធិបតីបារាំង លោក Giscard d’Estaing ដើម្បីពិភាក្សាគ្នាពីស្ថានការណ៍ឥណ្ឌូចិន ជាពិសេសកម្ពុជា ហើយមេដឹកនាំទាំងពីរបានសម្រេចចេញលិខិតអញ្ជើញមួយជាផ្លូវការដើម្បីយាងសម្តេចសីហនុ ត្រលប់មកភ្នំពេញវិញ ដោយពេលនោះ ទ្រង់ជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា និងកំពុងគង់នៅក្រុងប៉េកាំង។

បារាំង គ្រោងបញ្ជូនបេសកជនពិសេសម្នាក់ទៅកាន់ទីក្រុងប៉េកាំង ប៉ុន្តែរឿងគួរឲ្យស្តាយ មេដឹកនាំចិន បានបដិសេធ មិនផ្តល់ទិដ្ឋាការដល់បេសកជនបារាំងនោះឡើយ ។ ចំណែកសម្តេចសីហនុ បានប្រាប់បារាំង និងអាមេរិកថា លិខិតយាងព្រះអង្គត្រលប់ទៅក្រុងភ្នំពេញ វិញនោះ មកយឺតពេលទៅហើយ ហើយទ្រង់ក៏មិនអាចត្រលប់ទៅភ្នំពេញ វិញបានដែរ។

ចូលដល់ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ទទួលបានត្រឹមជំនួយតាមផ្លូវអាកាសពីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ស្របពេលកងទ័ពអាមេរិក ត្រូវដកចេញពីវៀតណាមខាងត្បូង ជិតអស់ទៅហើយ តាមកិច្ចព្រមព្រៀងក្រុងប៉ារីសដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៧៣។ ម្យ៉ាងការស្នើសុំជំនួយសេដ្ឋកិច្ច និងយោធា របស់ប្រធានាធិបតីអាមេរិក លោក Gerald Ford ដែលមានទំហំប្រមាណ២២២ លានដុល្លារ ដើម្បីជួយដល់របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ក៍ត្រូវសភាអាមេរិក ទាត់ចោលដែរ។ បើគ្មានជំនួយនេះទេ របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ប្រាកដជាត្រួវដួលរលំមិនខាន។

ក្នុងខែកុម្ភៈឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមឡោមព័ទ្ធក្រុងភ្នំពេញទាំងស្រុង ខណៈកងទ័ពរបបសាធារណរដ្ឋខ្មែរខំប្រឹងត្រដររស់ដោយសារជំនួយបន្ដិចបន្តួចតាមផ្លូវអាកាស ពីអាមេរិក ហើយការដឹកជញ្ជូនជំនួយតាមផ្លូវអាកាស មកចុះចតនៅអាកាសយានដ្ឋានពោធិ៍ចិនតុងនោះ ត្រូវកងទ័ពខ្មែរក្រហមបាញ់កាំភ្លើងផ្លោងមកលើគ្មានស្រាកស្រាន្ត ។

ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ សេនាប្រមុខលន់ នល់ ត្រូវបានជន្លៀសចេញពីក្រុងភ្នំពេញ ចេញទៅប្រទេសឥណ្ឌូនេស៊ី មុននឹងបន្តដំណើរទៅសុំសិទ្ធិជ្រកកោននៅរដ្ឋហាវ៉ៃ។ ក្រោយសេនាប្រមុខលន់ នល់ ភៀសខ្លួនចេញទៅបាត់ ឧត្តមសេនីយ៍ សូខាំ ខូយ ដែលជាប្រធានព្រឹទ្ធសភា បានឡើងជាប្រធានាធិបតីស្ដីទី ។

ចូលដល់ដើមខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមបានឡោមព័ទ្ធជុំជិតរដ្ឋធានីភ្នំពេញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៥ ឯកអគ្គរដ្ឋទូតអាមេរិក លោកហ្កាន់ធឺ ដៀន (Gunther Dean) បានទាក់ទងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ចាត់វិធានការមកជម្លៀសគាត់ និងបុគ្គលិកទូតអាមេរិក ទាំងអស់ចេញពីប្រទេសកម្ពុជា។

ពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិក លោកហ្កាន់ធឺ ដៀន (Gunther Dean) បានសរសេរលិខិតមួយច្បាប់ទៅជូនទ្រង់ស៊ីសុវត្ថិ សិរិមតៈ ដើម្បីឲ្យទ្រង់ត្រៀមខ្លួន ចាកចែញទៅជាមួយដែរ តែទ្រង់ស៊ីសុវត្ថិ សិរិមតៈ បានបដិសេធថា ទ្រង់មិនអាចរត់ចោលប្រជាពលរដ្ឋរបស់ទ្រង់បានឡើយ គឺស៊ូស្លាប់រស់ជាមួយគ្នា ហើយទ្រង់បញ្ជាក់តបទៅឯកអគ្គរដ្ឋទូតអាមេរិក លោកហ្កាន់ធឺ ដៀន វិញថា ទ្រង់មានកំហុសតែម្យ៉ាងគត់ គឺមកពីទ្រង់ជឿជាក់លើអាមេរិកពេក។

នៅម៉ោង៨ និង៥០ នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ កងឧទ្ធម្ភាគចក្រចម្បាំងជាច្រើនគ្រឿងបានចុះចតនៅលើតារាងបាល់ទាត់របស់ធនាគាជាតិ នៅមុខវត្តស្វាយពពែ (ស្ថានទូតរុស្ស៊ីសព្វថ្ងៃ) ដាក់ពង្រាយកងទ័ពព័ទ្ធជុំវិញតារាងបាល់ទាត់នោះ ដើម្បីយកឯកអគ្គរដ្ឋទូតអាមេរិក និងបុគ្គលិកទូតអាមេរិក ចេញពីក្រុងភ្នំពេញ ។ ជាមួយគ្នានោះ ក៍មានយន្តហោះប្រយុទ្ធជាច្រើនគ្រឿងទៀត ហោះឆ្វែលខ្វែងខ្ចាត់នៅលើអាកាសដើម្បីការពារផងដែរ។

ពេលឯកអគ្គរដ្ឋទូត ហ្កាន់ធឺ ដៀន និងបុគ្គលិកទូតអាមេរិក ព្រមទាំងមន្រ្តីខ្មែរមួយចំនួនទៀត ត្រូវបានគេដឹកជញ្ជូនតាមរថយន្តចេញពីស្ថានទូតអាមេរិក មកដល់ទីលានបាល់ទាត់របស់ធនាគាជាតិនោះ កងទ័ពខ្មែរក្រហមបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ ពីអរិយក្សត្រ ធ្លាក់មកចំបរិវេណទីលានបាល់ទាត់នោះដែរ។

តែនៅទីបំផុត កងឧទ្ធម្ភាគចក្រនិងកងយន្តហោះប្រយុទ្ធអាមេរិកទាំងនោះ បានជម្លៀសមនុស្សចំនួន២៧៦នាក់ ក្នុងនោះរួមមានជនជាតិអាមេរិក ចំនួន៨២នាក់ ជនជាតិកម្ពុជា ចំនួន១៥៩នាក់ និងជនបរទេសផ្សេងៗទៀតចំនួន ៣៥នាក់ ទៅកាន់នាវាផ្ទុកយន្តហោះរបស់អាមេរិកនៅឈូងសមុទ្រថៃ ដោយសុវត្ថិភាព។ ក្នុងចំណោមជនជាតិកម្ពុជា ចំនួន១៥៩នាក់ ដែលត្រូវកងឧទ្ធម្ភាគចក្រនិងកងយន្តហោះប្រយុទ្ធអាមេរិក មកជម្លៀសយកទៅជាមួយនោះ មានមន្រ្តីជាន់ខ្ពស់២នាក់ គឺឧត្តមសេនីយ៍ សូ ខាំខូយ ប្រធានព្រឺទ្ធសភា និងជាប្រធានាធិបតីស្តីទី នៃរបបសាធារណរដ្ឋខ្មែរ និង ឡុង បុត្តា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ។

ពាក់កណ្តាលខែមេសា ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន ពេលនោះទីក្រុងភ្នំពេញ បានរងនូវគ្រាប់កាំភ្លើងផ្លោងទាំងថ្ងៃទាំងយប់ ហើយកងទ័ពខ្មែរក្រហម កាន់តែចូលមកកៀកទីក្រុងភ្នំពេញ បន្តិចម្ដងៗ។

ព្រឹកថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមសម្រុកចូលដល់កណ្ដាលទីក្រុងភ្នំពេញ កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ចុះចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់ នាំគ្នាចេញមកតាមដងផ្លូវ ដើម្បីស្វាគមន៍ការចូលមកដល់របស់កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃ មានអាកា៤៧ គ្រាប់បែក និង ស្ពាយបេ ជាដើម។ ប្រជាជនទាំងអស់សប្បាយរីករាយ ដែលឃើញប្រទេសជាតិមានសន្តិភាពឡើងវិញ ។ តែកងទ័ពខ្មែរក្រហមដែលភាគច្រើនមានវ័យពី១៦ ទៅដល់១៧ឆ្នាំ ហាក់ដូចជាមិនសប្បាយរីករាយចំពោះការស្វាគមន៍របស់ប្រជាជននៅទីក្រុងទាំងអស់នោះទេ។

បន្តិចក្រោយមក ខ្មែរក្រហមស្លៀកខោអាវខ្មៅ បានដើរប្រកាសតាមមេក្រូឲ្យប្រជាជនចេញពីក្រុងភ្នំពេញក្នុងរយៈពេល៣ថ្ងៃ ដោយខ្លាចយន្តហោះអាមេរិកាំងមកទម្លាក់គ្រាប់បែក ហើយបើនរណារឹងរួសមិនព្រមចាកចេញទេ ពួកគេបាញ់សម្លាប់គ្មានត្រាប្រណីឡើយ។

ភ្លាមៗនោះ វិថីនានាក្នុងក្រុងភ្នំពេញបានកកកុញទៅដោយមនុស្សប្រជ្រៀតគ្នានាំកូនចៅក្រុមគ្រួសារធ្វើដំណើរចេញពីទីលំនៅ តាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។

ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលតែម្តងនៅតាមផ្លូវ ហើយប្រជាជនរាប់សែននាក់ដែលព្យាយាមចាកចេញពីក្រុងភ្នំពេញ តាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រលប់មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជនខ្លះដែលចាស់ជរានោះដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរមិនរួចនោះក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យជាមួយមនុស្សរាប់សែននាក់នោះដែរ។

ទ្រង់ស៊ីសុវត្ថិ សិរិមតៈ និងមន្រ្តីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរ ជាច្រើននាក់ត្រូវកងកម្លាំងខ្មែរក្រហម ចាប់យកទៅបាញ់សម្លាប់យ៉ាវសាហាវឃោរឃៅបំផុត ហើយទឹកដីកម្ពុជា ក៍ចាប់ផ្ដើមក្លាយទៅជាវាលពិឃាតមួយដ៍អាណោចអាធ័មមួយ គ្មានអ្វីប្រៀបផ្ទឹមបាន៕