រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​វិធានការ មិន​ឲ្យ​អ្នកដំណើរ​ទាំងអស់ នៅ​លើ​កប៉ាល់ Viking Cruise Journey ចុះ​ចេញ​មក​លើគោក នៅ​ឯ​ទីរួមខេត្ត​កំពង់ចាម បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ មាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នោះ ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល កំពុង​យក​សំណាក​វត្ថុ​វិភាគ​របស់​អ្នកដំណើរ និង​បុគ្គលិក​បម្រើ​ការ​ សរុបទាំងអស់ចំនួន​៦៤​នាក់ មក​ពិនិត្យ​និង​ធ្វើតេស្ត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃពុធនេះ ។

កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០ មីនា ២០២០​នេះ ក្រសួងសុខាភិបាល ចេញ​សេចក្តី​ព័ត៌មាន​ប្រកាស​ផ្លូវការ និង​លម្អិត​អំពី​ករណី​រក​ឃើញ​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ មាន​ផ្ទុកមេរោគ Covid-19 ដែល​ចូល​មក​ខេត្តកំពង់ចាម តាម​នាវា​ទេសចរណ៍​មក​ពី​ប្រទេស​វៀតណាម ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​រសៀល​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ា​ស័​រ​កម្ពុជា បាន​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស Covid-19 ។

ស្ត្រី​មាន​វីរុស Covid-19 នេះ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ ចេញពី​ទីក្រុង​ឡុ​ង​នៃ​ប្រទេស​អង់គ្លេស មក​ដល់ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ ដែល​មាន​គ្នា​៥​នាក់ (​ជនជាតិ​អង់គ្លេស​ទាំងអស់ ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​៤​នាក់​)​។ បន្ទាប់​មក​ពួក​គាត់​បាន​បន្តដំណើរ​ចាកចេញ​តាម​នាវា​ខា​លើ ពី​ទីក្រុង​ហូ​ជី​មិ​ញ​សំដៅ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២០ និង​បាន​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២០​។

នៅ​ថ្ងៃ​ដដែល​មុន​នឹង​មក​ដល់​រាជធានី​ភ្នំពេញ អ្នក​ទទួលខុសត្រូវ​អ្នកទេសចរ​នៃ​នាវា​នេះ បាន​ទទួល​ដំណឹង​ថា យន្តហោះ​ដែល​ស្ត្រី​ជនជាតិ​អង់គ្លេស​បាន​ជិះ នៅ​ថ្ងៃ​ទី​០២ មីនា ឆ្នាំ​២០២០​នោះ មាន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អង្គុយ​ជិត​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥​ឆ្នាំ​ខាងលើ​នេះ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស Covid-19 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

ពេល​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២០ ជនជាតិ​អង់គ្លេស​ទាំង​៥​រូប ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ហើយ​បាន​យក​សំណាក​វត្ថុ​វិភាគ​ចំនួន​៣​នាក់ (​ដោយ​២​នាក់ ប្រកែក​មិន​ព្រម​ឲ្យ​យក​ជា​ដាច់ខាត ដោយ​គាត់​សំអាង​ថា មិន​មាន​បញ្ហា​សុខភាព ឬ​រោគ​សញ្ញា​អ្វី​ទាំងអស់​»​។ ជា​លទ្ធផល​អ្នក​ទាំង​៣​នាក់​នេះ មាន​អវិជ្ជមាន​វីរុស Covid-19​។ បន្ទាប់​មក​នាវា​បាន​បន្តដំណើរ​ទៅ​កាន់​ខេត្តកំពង់ចាម​។

ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ផ្តល់​ព័ត៌មាន ទៅ​កាន់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​រង់ចាំ​យក​វត្ថុ​សំណាក​ទាំង​២​នាក់ ដែល​មិន​ទាន់​ធ្វើតេស្ត​នោះ ដោយ​មានការ​សម្របសម្រួល​ពី​អ្នកគ្រប់គ្រង​នាវា នៅ​ពេល​ចូល​ចត​នៅ​ចំណត​នៃ​ខេត្តកំពង់ចាម ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ និង​បញ្ជូន​សំណាក​វត្ថុ​វិភាគ​មក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០​។ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤៖៣០​នាទី​រសៀល​នេះ ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន Covid-19 លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ​។

បុគ្គល​ដែល​សង្ស័យ​ទាំង​៥​រូប​ខាងលើ​នេះ ត្រូវ​បាន​ឲ្យ​នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​លើ​នាវា​ភ្លាម​ៗ ដោយ​មិន​ឲ្យ​ចាកចេញ​មក​លើគោក នៅ​រាជធានី​ភ្នំពេញ​ឡើយ នៅ​ពេល​រង់ចាំ​លទ្ធផល ។

ក្រុម​គ្រូពេទ្យ​ក្រសួងសុខាភិបាល និង មន្ត្រី​WHO កំពុង​នាំ​យក​សំណាក ករណី​សង្ស័យ​ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស​មួយ​ចំនួន​ទៀត​លើ​នាវា​ទេសចរណ៍​នៅ​ខេត្តកំពង់ចាម ទៅ​ពិនិត្យ​រក​Covid-19 នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ ៕