ភ្នំពេញ៖ នេះគឺជាលើកទី២ ហើយដែល ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធនាគារបានបើក ឱកាសឲ្យអតិថិជន វិនិយោគិន និងសាធារណជនទាំងអស់បានចូលរួម ក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ជាលើកទីពីរ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី១០ មីនា ២០២០ នាវេលាម៉ោង ២:០០រសៀល ដល់ ០៤:៣០ល្ងាច ។ កម្មវិធីនេះដែរ ក៏មានការគាំទ្រដោយក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន យាន់តា”) ហើយលទ្ធភាពក្លាយជាម្ចាស់ភាគហ៊ុន ដើម្បីចូលរួមកំណត់ថ្លៃភាគហ៊ុនត្រឹមថ្ងៃ ១៤មីនា ២០២០តែប៉ុណ្ណោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ចំនួន ០២ លើករួចហើយ ដើម្បីធ្វើបទបង្ហាញដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេលវេលា រំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន មុននឹងធ្វើការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ នៅក្នុង ដំណាក់កាលប៊ុកបៀលឌីង។
កម្មវិធីនេះដោយមានការចូលរួមបកស្រាយពីវាគ្មិន និងបានធ្វើការបង្ហាញ អំពីមូលហេតុនានា យ៉ាងលំអិតក្រោមអធិបតីភាព និងកិច្ចស្វាគមន៍របស់ បណ្ឌិត អ៉ិន ចាន់នី (Dr. In Channy) ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក ហាន់ ក្យុងធែ អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ឯកឧត្តម ហុង សុហួរ អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការ មូលបត្រកម្ពុជា រួមទាំងមន្ត្រីជំនាញៗពីធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។

សម្រាប់អតិថិជន និងសាធារណជនដែលបានស្នើសុំបើកដំណើរការប៊ុកបៀលឌីង គណនីជួញដូរ នឹងមានឱកាសក្លាយជាម្ចាស់ភាគហ៊ុនធនាគារអេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារ) ទៅតាមចំណង់ និងកំណត់ថ្លៃមូលបត្រកម្មសិទ្ធិភាគហ៊ុនរបស់ធនាគារ ដែលជាតម្លៃមួយ អាចចូលរួមកំណត់ដោយខ្លួនឯង។ ចំពោះថ្លៃដែលតម្រូវឲ្យមានការកំណត់ថ្លៃលក់ក្នុងចន្លោះទាបបំផុតចាប់ពី ១៥,០០០រៀល ដល់ ១៧,៥០០រៀល ក្នុង១ភាគហ៊ុន ។

មិនតែប៉ុណ្ណោះអតិថិជនដែលបានស្នើសុំបើកដំណើរការប៊ុកបៀលឌីង នឹងមានឱកាសទិញភាគហ៊ុនដោយផ្ទាល់ពីធនាគារ អេស៊ីលីដា ភីអិលស៊ី តាមចំនូនដែលគាត់ចង់បាន(មិនមានកម្រិតចំនួនភាគហ៊ុនឡើយ) ហើយការទិញនេះ មិនមានចំណាយលើតម្លៃបន្ថែមឡើយ ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ីមានចំនួនរហូតដល់ ៨លានភាគហ៊ុន។ ធនាគារនឹងបើកដំណើរការប៊ុកបៀលឌីង ដើម្បីកំណត់ថ្លៃភាគហ៊ុនរបស់ធនាគារដែលគ្រោង នឹងចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុន យាន់តា នឹងកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ ស្របទៅតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលទទួលបានការអនុញ្ញាតពី គណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក.”)។ ថ្លៃមូលបត្រកម្មសិទ្ធិនឹងត្រូវប្រកាស បន្ទាប់ពីទទួលបាន ការអនុម័ត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពី គ.ម.ក.។

ជាមួយគ្នានេះ លោកបណ្ឌិត អ៉ិន ចាន់នី ក៏ធ្លាប់មានប្រសាសន៍បញ្ជាក់ដែរថា “ដើម្បីចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីង និងដំណាក់កាលបរិវិសកម្ម វិនិយោគិន ត្រូវមានលេខអត្តសញ្ញាណវិនិយោគិន (Investor ID) និងគណនីជួញដូរ (Trading Account) ជាមួយក្រុមហ៊ុនមូលបត្រណាមួយ ដែលទទួលបាន អាជ្ញា បណ្ណ ពីគណៈកម្មាការមូលបត្រ (គ.ម.ក.)។” លោកបន្ថែមទៀតថា “ធនាគាររំពឹងថានឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នាចុងខែមេសា ឆ្នាំ២០២០ នេះ។ ក្នុងនាមជាធនាគារពាណិជ្ជទីមួយ ដែលនឹងត្រូវចុះបញ្ជីក្នុង ផ.ម.ក. ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារគំរូមួយ សម្រាប់ធនាគារផ្សេងៗទៀត នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ទីផ្សារមូលធនកម្ពុជា ដើម្បីប្រមូលទុន” ៕