រាជធានីភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ដល់​អ្នក​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​កុំឱ្យ​មានការ​ភ័យខ្លាច​ ដោយ​ថា​ អ្នក​ដួលសន្លប់​មិនមែន​បណ្ដាលមកពី​ជំងឺ​ ​កូ​វីដ​-១៩ ទេ​។

ការជំរុញ​នេះ​ ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ដោយមាន​អ្នក​ប្រកាច់​ និង​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​ជាបន្តបន្ទាប់​ ប៉ុន្តែ​ ប្រជាពលរដ្ឋ​ដែល​បានឃើញ​អ្នក​ដួល​នោះ​ មិន​ហ៊ាន​ចូល​ទៅ​ជួយ​ ព្រោះ​បារម្ភ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌី​ បានប្រាប់ឲ្យដឹងថា​ ​អ្នក​ដែល​ដួលសន្លប់​នៅ​តាម​ទី​សាធារណៈ​បន្តបន្ទាប់​ បណ្ដាល​មកពី​មាន​ពួកគាត់​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ៗ មិនមែន​កើតជំងឺ​ កូ​វីដ​-១៩ ឡើយ។ លោកស្រី​បញ្ជាក់​ថា​ អ្នក​ដែល​មាន​ជំងឺ​កូ​វីដ​-១៩​ មិន​អាច​ដួលសន្លប់​ ឬប្រកាច់​ភ្លាម​ៗ ​ដូច​ការ​ផ្សព្វផ្សាយ​តាម​ព័ត៌មាន​ និង​តាម​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​នោះ​ទេ​។

លោកស្រី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ដល់​អ្នក​ដួលសន្លប់​ ដោយ​ទូរសព្ទ​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​តាម​ទូរសព្ទ១១៩ និង១១៥​ ហើយ​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ជួយ​ ត្រូវ​ពាក់​ម៉ាស់​ និង​ត្រូវ​លាងដៃ​នឹង​សាប៊ូ​ អាកុល​ បន្ទាប់ពី​ប៉ះពាល់​អ្នក​ដួល​នោះ​។

លោកស្រីបានសង្កត់ធ្ងន់​ថា​៖ «សូមកុំ​ឱ្យ​ពលរដ្ឋ​ភ័យ​តក់ស្លុត​ខ្លាំងពេក​ រហូត​មិន​ហ៊ាន​ជួយ​អ្នក​ដែល​គាត់​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ៗទៀត​។ វិធានការ​ដែល​យើង​អាច​ជួយគ្នា​បាន​ ទី១​ យើង​ហៅ​ឡានពេទ្យ​ ឬសួរនាំ​ទៅ​គ្រូពេទ្យ​។ ទី២ ភ្លាម​ហ្នឹង​ យើង​ចូល​ទៅ​ជួយ​គាត់​ទៅ​ យើង​ប្រើ​ម៉ាស់​ ដើម្បី​ចៀសវាង​ខ្លា​ចក្អ​កកណ្ដាស់​អី​ ឬមាន​ធូលី​ដី​អី​ហុយ​មក​យើង​។ ទី៣ យើង​ជួយ​គាត់​ហើយ​ កុំ​យកដៃ​មក​ប៉ះមុខ​ ត្រូវ​លាងដៃ​សាប៊ូ​ និង​អាកុល​ គឺ​ជ្រះ​អស់ហើយ​ មិន​មានអី​ទៀត​ទេ​» ៕