រាជធានីភ្នំពេញ៖​ នៅមុននេះបន្តិច  ក្រសួងសុខាភិបាល រកឃើញជនខ្មែរដំបូងគេដែលផ្ទុកមេរោគកូរ៉ូណាគឺបុរសម្នាក់អាយុ៣៨ឆ្នាំនៅក្នុងខេត្តសៀមរាប។ បុរសអាយុ៣៨ឆ្នាំនេះ ជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិ ជប៉ុនដែលមានផ្ទុកមេរោកកូរ៉ូណា។

ការប្រកាសអំពីភាពវិជ្ជមាន នៃវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការរកឃើញវីរុស COVID-19 បានធ្វើឡើងបន្ទាប់ពីខាងមន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគ COVID-19 ហើយលទ្ធផលចេញមកបុរសអាយុ៣៨ឆ្នាំ វិជ្ជមាន ចំពោះមេរោគនោះ ហើយចំណែក៣នាក់ទៀតមិនមានផ្ទុកវីរុសទេ ៕