រាជធានីភ្នំពេញ៖ ចំនួនសត្វខ្សឹបនៅក្នុងប្រទេសកម្ពុជាមានតិចជាង ១៥០ក្បាល ដែលវត្តមានរបស់វាស្ទើរតែទាំងអស់មាននៅក្នុង តំបន់វាលស្មៅនៃតំបន់ការពារ ទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងខេត្តកំពង់ធំ។

យោងតាម WCS Cambodia បានឲ្យដឹងថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ អង្គការ WCS បានរៀបចំទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សចំនួន ៣០០នាក់ មកពីសាលាបឋមសិក្សាចំនួនបីគឺ ឈូក ព្រៃខ្លា និងកំពង់វាំងទៅកាន់តំបន់អភិរក្សសត្វ ខ្សឹបស្ទោង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃតំបន់ ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បីទស្សនានិងស្វែងយល់អំពីសត្វខ្សឹបដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើសាកលលោក។

WCSបន្ថែមថា មានសត្វខ្សឹបតិចជាង ៥០០ក្បាលកំពុងមានវត្តមាននៅក្នុងទីជម្រកធម្មជាតិ ដែលភាគច្រើនមាននៅក្នុងប្រទេសឥណ្ឌា។ ហើយចំនួនសត្វខ្សឹបនៅក្នុង ប្រទេសកម្ពុជាមានតិចជាង ១៥០ក្បាល ដែលវត្តមានរបស់វាស្ទើរតែទាំងអស់មាននៅក្នុងតំបន់វាលស្មៅនៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងខេត្តកំពង់ធំ។

សហគមន៍មូលដ្ឋានដើរតួនាទីដ៏សំខាន់ចូលរួមក្នុងសកម្មភាពអភិរក្ស ដោយធ្វើការការពារទីជម្រកនិងសំបុកពងកូនរបស់សត្វខ្សឹប និងជាអ្នកជូនភ្ញៀវទេសចរធម្មជាតិ។

តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប បានបង្កើតឡើងនៅឆ្នាំ ២០១៦ គ្របដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា។ អង្គការ WCSកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថានដើម្បីធ្វើការអភិរក្សតំបន់ទេសភាពនិងប្រភេទសត្វស្លាបសំខាន់ៗ ដូចជា សត្វខ្សឹបនេះ តាមរយៈការអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹង ការអនុវត្តច្បាប់ ការការពារសំបុក ទេសចរណ៍ធម្មជាតិ និងការធ្វើកសិកម្មសង្គ្រោះសត្វខ្សឹបតាមរយៈគម្រោងនិរន្តរភាពស្រូវ (SRP)៕