រាជធានីភ្នំពេញ៖ លោក កឹម សុខា អតីតមេដឹកនាំ គណបក្ស សង្គ្រោះ ជាតិ បានស្នើឲ្យខ្មែរទាំងអស់ ត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់ បញ្ហាជំងឺCovid-19 ដែលប៉ះពាល់ដល់ប្រទេសជាតិ ហើយកុំប្រើប្រាស់បញ្ហាជំងឺនេះបំផ្លើសបំភ្លៃ ដើម្បីវាយប្រហារគ្នា កេងចំណេញនយោបាយ ។

លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា ពេលនេះពិភពលោកកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺCovid-19 ដែលមិនត្រឺមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតមនុស្សលោកនោះទេ លើសពីនេះទៅទៀត វាអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅ របស់មនុស្សជាច្រើនទៀតផង ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរផងដែរ។

លោកបន្ថែមថា” ខ្ញុំយល់ឃើញថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងពីរខាងលើ(ជំងឺនិងសេដ្ឋកិច្ច) ដែលប៉ះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ដោយកុំប្រកាន់និន្នាការនយោបាយ កុំប្រើប្រាស់បញ្ហានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ វាយប្រហារគ្នា ដោយអសីលធម៌” ។

លោកបានឲ្យដឹងទៀតថា លោកសូមគាំទ្រចំពោះកម្ពុជា ដែលពេលនេះផ្តល់អាទិភាព ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជម្ងឺ Covid-19 និងលើកទឹកចិត្តដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្មបានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេសសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ទប់ស្កាត់នូវជំងឺរាតត្បាតនេះ។

ជាមួយគ្នានេះដែរលោកកឹម សុខា ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រៃ បារមីវត្ថុសក្កិសិ សូមឲ្យប្រជាពលរដ្ឋខ្មែរមានសុខភាពល្អជាពិសេសចៀសផុតពីជំងឺCovid-19និងសូមឲ្យមានជីវភាពរស់នៅប្រសើរឡើង កុំឲ្យជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចឲ្យសោះ៕