ភ្នំពេញ៖ រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅមិនទាន់រកឃើញករណីថ្មី នៃអ្នកផ្ទុកវីរុសកូវីដ-១៩ នៅឡើយទេ សូម្បីតែអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុនដែលផ្ទុកវីរុសកូវីដ-១៩ ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព នោះ ក៏ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ នេះបើយោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅមុននេះ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យេីងនៅមិនទាន់រកឃេីញ ករណីថ្មីនៅឡេីយទេ យេីងនៅតែរក្សា ១ ករណី ដដែល ដែលគាត់ជាជនជាតិ ចិន ហេីយគាត់បានព្យាបាលជាសះស្បេីយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ យេីងបានធ្វេីតេស្តកេីនដល់ ៤២៥ ករណី តែមិនបានរកឃេីញវិជ្ជមាន មេរោគ COVID-19 នោះទេ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព នោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ យេីងនៅតែបន្តធ្វេីការងារខាងលេីនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា IPC ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥» ៕