C
យោងតាមរបាយការណ៍S&P Global ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដកស្រង់យកចុះផ្សាយកាលពីថ្ងៃ សុក្រទី៦ មីនា ឆ្នាំ ២០២០ បានឲ្យដឹងថាជំងឺឆ្លងផ្លូវដង្ហើម Covid-19 ដែលកំពុងរាតត្បាតជាង៨៥ ប្រទេសទូទាំងពិភពលោក បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួនជាង ២០០ពាន់លានដុល្លារ។
របាយការណ៍ខាងលើនោះក៏បានព្រមានទៀតថាជំងឺឆ្លងនេះនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សខណៈដែលរដ្ឋាភិបាលទាំងនោះកំពុងតស៊ូប្រយុទ្ធប្រឆាំង។

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនដែលជាប្រទេសកំណើតរបស់មេរោគCovid-19 កើនឡើងតិចជាង៣ភាគរយ ខណជប៉ុន អូស្ត្រាលី និងហុងកុង កំពុងរអិលធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនេះដែរ។
របាយការណ៍S&P Global រំពឹងថាការផ្គត់ផ្គង់និងតម្រូវការនៅឆ្នាំនេះមានត្រឹមតែ ៤ភាគរយខុសពីការព្យាករណ៍កាលពីចុងឆ្នាំ ២០១៩ ថាមានកំណើន ៤,៨ភាគរយ ដែលធ្វើអោយខាតបង់គិតជាទឹកប្រាក់ប្រហែលជា ២១១លានដុល្លារ។
ក្នុងអំឡុងពេលផ្ទុះជំងឺនេះស្ថាប័ន និងអង្គការធំៗលើពិភពលោក បានបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ក្រៅពីបំផ្លាញសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ជំងឺឆ្លងCovid-19 បានបំផ្លាញដល់វិស័យអបរំបន្ថែមទៀត។ គិតមកត្រឹមពេលនេះ មានសិស្ស-និស្សិតជិត៣០០លាននាក់ទូទាំង ពិភពលោក ត្រូវផ្អាកការសិក្សាបណ្តោះអាសន្ន។ អ៊ីតាលីគឺជាប្រទេសថ្មីចុងក្រោយដែលបង្ខំចិត្តបិទទ្វារសាលា។

គួររំឭកថា កាលពីថ្ងៃព្រហស្បតិ៍ទី ៥ មីនា ២០២០ មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF) បានផ្តល់ថវិកាចំនួន៥០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងផ្លូវដង្ហើមCovid-19 ដែលកំពុងរាលដាលទៅលើប្រទេសជាង៨៥នៅលើពិភពលោកខណៈធនាគារពិភពលោកក៏បានផ្តល់វិកា១២ពាន់លានដុល្លារប្រឆាំងនឹង Covid-19ដែរ។

ក្រៅពីនេះសហរដ្ឋអាមេរិកបញ្ចេញថវិការ៨ពាន់លានប្រឆាំងមេរោគCovid-19។ជាមួយគ្នានេះ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ចេញកញ្ចប់ថវិកាប្រមាណ២,៥ ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងនេះ។
ចំនួនអ្នកឆ្លងដោយសារមេរោគ Covid-19 បានកើន៩៧៨៨៦ និងស្លាប់ ៣៣៨២ ។ចំណែកឯតួលេខក្នុងប្រទេសចិនគឺមានអ្នកឆ្លង៨០៤០៩ និងស្លាប់ ៣០៤២នាក់។ ប្រទេសបីដែលមានអ្នកស្លាប់ច្រើនបន្ទាប់ពីចិនអ៊ីតាលីស្លាប់ ១៤៨ អ៊ីរ៉ង់ ១០៧ និងកូរ៉េខាងត្បូង ៤០នាក់៕By kbn 007