រាជធានីភ្នំពេញ ៖ បុរសចំណាស់ជាអ្នករត់កង់បីម្នាក់ ខណៈចូលចាក់សាំង បាននិយាយដៀលលើបុគ្គលិកស្ថានីយសាំងថា « គ្រាន់តែជាកញ្ចាស់គេសោះ លុយរហែកបន្តិចមិនព្រមយក» ទើបបង្កឲ្យទាក់ពាក្យសម្តីគ្នា រហូតបុគ្គលិកស្ថានីយសាំងទ្រាំនឹងការប្រមាថនេះមិនបាន ក៏ផ្ទុះកំហឹងស្ទុះមកដាល់អ្នករត់ម៉ូតូកង់បី បណ្តាលឲ្យបែកមុខហូរឈាមកក្លាក់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរត់ម៉ូតូកង់បី និយាយដៀលបុគ្គលិកចាក់សាំង ហើយត្រូវគេវាយគេបែកមុខនេះ មានឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនដៃដល់ មានឈ្មោះ ភិន សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកចាក់សាំង នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់បានដឹកប្រពន្ធ និងកូនស្រីតូចៗ២នាក់ទៀត ទៅបង់ថ្លៃទឹកភ្លើងនៅអគ្គិសនីកម្ពុជា នៅឯអូឌឹម។ លុះពេលត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ត្រង់ចំណុចរង្វង់មូលចោមចៅ ក៏ចូលចាក់ហ្គាសនៅស្ថានីយសាំងខាងលើ ចំនួន៥លីត្រ ហើយគាត់បានហុចប្រាក់ចំនួន១០ដុល្លារ ឲ្យជនសង្ស័យ(បុគ្គលិកសាំងនៅស្ថានីយខាងលើ) តែមិនព្រមយក ដោយសារប្រាក់នោះរហែកបន្តិច។ ពេលនោះ គាត់និយាយទៅកាន់ជនដៃដល់ថា « គ្រាន់តែជាកញ្ចាស់គេសោះ លុយរហែកបន្តិច មិនព្រមយក» ធ្វើឲ្យមានការទាស់ពាក្យសម្តីគ្នា ហើយជនដៃដល់បានស្ទុះមកដាល់គាត់ចំនួន៣ដៃ បណ្តាលឲ្យរងរបួសចំភ្នែក និងបែកបបូរមាត់ហូរឈាមពេញផ្ទៃមុខ។

ក្រោយកើតហេតុ ជនរងគ្រោះបានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ហើយត្រូវសមត្ថកិច្ច ជួយធ្វើការសម្របសម្រួលគ្នា ដោយភាគីជនរងគ្រោះទារថ្លសំណងចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងមិនប្តឹងផ្តល់គ្នា នាំតែមានរឿងកាន់វែងឆ្ងាយខាតពេលរកស៊ី៕