រាជាធានីភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៩ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបមានចំនួន ១,២០១ករណី ដោយពិន័យអន្តរការណ៍ចំនួន ៥៩៨ករណី និងបញ្ជូនទៅតុលាការមានចំនួន៦០៣ករណី។ នេះបើយោងតាមរបាយការន៍របស់ក្រសួងកសិកម្ម។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល១២ខែ ឆ្នាំ២០១៩ ដែលគិតចាប់ពីខែមករា ដល់ខែធ្នូ ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន ៩,១៩០តោន បើធៀបនឹងឆ្នាំ២០១៨ ថយចុះចំនួន ៣១០តោន។ ចំណែកការនាំចេញផលនេសាទកែច្នៃ អនុវត្តបានចំនួន ៤,៩១០តោន ថយចុះ៩០តោន។

របាយការណ៍បន្តទៀតថា ឆ្នាំ២០១៩ ការបង្ក្រាបសំណុំរឿងបទល្មើសជលផលមានចំនួន ៣,១០១ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ២,៨៧៣ករណី និងសមុទ្រមានចំនួន២២៨ករណី។ ដោយឡែកសម្រាប់ចំណូល ដែលបានពីថ្លៃសួយសារព្រៃឈើសរុបចំនួនជិត៧លានដុល្លារអាមេរិក។

បើតាមរបាយការណ៍របស់ដដែលបានបញ្ជាក់ទៀតថា ឆ្នាំ២០១៩ ចំណូលពីថ្លៃសួយសារព្រៃមានចំនួន ២៥,៧២៩,១៦៧,៤៨៥រៀល (៦,៤៣២,២៩១.៨១ដុល្លារអាមេរិក) រួមនឹង១៤៨,២៨១.៧០ដុល្លារអាមេរិក៕