ភ្នំពេញ៖សាកសពបុរសម្នាក់ដែលត្រូវបានកម្មករសំណង់ដើរទាក់សត្វ ហើយប្រទះឃើញនៅក្បែរម៉ុងខ្មោច កាលពីម្សិលម្ងៃនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីក្រុមគ្រួសារទៅតាមរក និងអះអាថា អ្នកស្លាប់គឺជាសាច់ញាតិរបស់ខ្លួន ខណៈមន្រ្តីនគរបាលក៏បានបញ្ជាក់សារជាថ្មីថា បុរសនោះស្លាប់ដោយការធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនឯង ពុំមែនត្រូវគេសម្លាប់រួចដុតសាកសពនោះឡើយ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា សពបុរសម្នាក់នេះ ឈ្មោះពៅ សុខខឿន អាយុ៤១ឆ្នាំ ជាមនុស្សសរសៃប្រសាទ សព្វថ្ងៃរស់នៅក្នុងភូមិសាមគ្គីទី៤ សង្កាតត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
កន្លងមក បុរសនេះធ្លាប់បានធ្វើអត្តឃាតដោយចាក់សាំងដុតសម្លាប់ខ្លួនម្ដងដែរ ប៉ុន្តែមិនបានសម្រេចដោយអ្នកផ្ទះជួយទាន់ ។ លុះដល់វេលាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក៏ស្រាប់តែបាត់ខ្លួនពីផ្ទះរហូត មិនឃើញត្រឡប់ទៅវិញឡើយ ហើយក្រុមគ្រួសារមានការព្រួយបារម្ភតាមរកដែរ តែរកមិនឃើញ រហូតដល់វេលារសៀលថ្ងៃទី២៣ ខែមករា ក្រោយពីទទួលដំណឹងថា មានគេប្រទះឃើញសាកសព ក៏ទៅមើល ទើបឃើញឈ្មោះពៅ សុខខឿន ស្លាប់បែបនេះបាត់ទៅហើយ ៕