ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូចំនួនបីគ្រឿង ធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសពេញខ្លួន រួចប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ យកទៅបាត់ កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ភ្លាមៗនោះម្ចាស់ម៉ូតូមិនបានទៅប្តឹង នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដែលនៅក្បែរនោះដែរ តែទៅដល់ឃើញតែប៉ុស្តិ៍ អត់ឃើញប៉ូលិសម្នាក់សោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលមិនប្រាប់ពីអត្តសញ្ញាណនោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ6559 ដោយរូបគាត់មិនចាំបានក្បាលអក្សនោះទេ បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានលេចមុខជនសង្ស័យចំនួន៦នាក់ជិះម៉ូតូបីគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពធ្លាក់ម៉ូតូរបស់គាត់បណ្ដាលឲ្យដួល រួចនាំគ្នាដេញវាយគាត់បណ្ដាលឲ្យរងរបួសពេញខ្លួន។ បន្ទាប់មកជនសង្ស័យបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្ថិភាព ។

ភ្លាមៗនោះរូបគាត់ក៏បានរត់ទៅចូលក្នុងប៉ុស្តិ៍ននគរបាលរដ្ឋបាលព្រៃវែង ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ដែរ តែពេលទៅដល់មិន ឃើញមានកម្លាំងសមត្ថកិច្ចណាម្នាក់នោះទេ គាត់ក៍បានបន្តដំណើរទៅប្រាប់សមត្ថកិច្ចដែលប្រចាំការ ២៤ម៉ោងនៅបណ្តោយផ្លូវជាតិលេខ៣ ហើយសមត្ថកិច្ចនៅទីនោះ ឃើញរូបគាត់រងរបួសពេញខ្លួនបានដឹកគាត់ ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង ហើយកាត់គិតថាទោះប្តឹង ក៏សមត្ថកិច្ចមិនដែលបង្ក្រាបបានដដែលហ្នឹង គាត់សុខចិត្តទៅផ្ទះដេកយកកម្លាំងវិញល្អជាង។
សមត្ថកិច្ចដែលប្រចាំការ ២៤ម៉ោងនៅបណ្តោយផ្លូវជាតិលេខ៣ បានឲ្យដឹងថា ក្រោយពីគ្រូពេទ្យលាងរបួស និងរុំបង់រួច មិត្តភក្តិជនរងគ្រោះបានជិះម៉ូតូមកដឹកជនរងគ្រោះ បន្តដំណើរទៅមុខបាត់ដោយមិនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង នោះទេ ៕