ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋមួយគ្រឿងកំពុងបើកបរ ស្រាប់តែរេចង្កូតទៅស្តាំដៃ ឡើងចិញ្ចើមផ្លូវ ទៅបុកដើមអំពិលទឹកបារាំងមួយដើម ពេញទំហឹង បណ្ដាលឲ្យគាបជាប់អ្នកបើកបរក្នុងកាប៊ីន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នេះ នៅមុខវិមានឈ្នះឈ្នះ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

អ្នកបើកបរឈ្មោះ ង៉ង ឃីម ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅខេត្តព្រៃវែង បានរងរបួសបាក់ជើងខាងស្តាំ រីឯព្រូរងរបួសស្រាល ។ ចំណែកព្រូរងរបួសស្រាល។
រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង លាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-4737 មានម្ចាស់ជាថៅកែឥដ្ឋ ឈ្មោះ ជា សយ ។

មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ដឹកឥដ្ឋពេញ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច (ចូលរាជធានីភ្នំពេញ) ។លុះមកដល់មុខ វិមានឈ្នះ ឈ្នះ ស្រាប់តែ ដាច់រ៉ីទីលចង្កូត រេទៅស្តាំដៃ ឡើងចិញ្ចើមផ្លូវ ទៅបុកគល់ដើមអំពិលទឹកបារាំងមួយដើម ពេញទំហឹង បណ្ដាលឲ្យបើកបរ រងរបួសបាក់ជើងខាងស្តាំ រីឯព្រូរងរបួសស្រាល ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលប្រចាំការនៅទីនោះ ព្រមទាំងក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ បាននាំគ្នាជួយកាត់ដែក និងគាស់ ដើម្បីយកអ្នកបើកបរដែលគាបជាប់ក្នុងកាប៊ីនចេញ រួចបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ៕