បរទស៖ ក្មេងប្រុសឥណ្ឌូនេស៊ីម្នាក់ ខណៈទៅនេសាទត្រីជាមួយឪពុក ស្រាប់តែត្រីម្ជុលកំណាចលោតចេញពីទឹកមកបុកទម្លុះ.ក ក្មេងប្រុសរូបនោះ ធ្លាយម្ខាងចេញទៅម្ខាងទៀត មើលទៅគួរឲ្យរន្ធត់ញាក់សាច់ បណ្តាលឲ្យរងរបួសធ្ងន់ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ កន្លងទៅ ។

ក្មេងប្រុសរងគ្រោះដែលត្រូវបុកចាក់ទម្លុះធ្លាយ.ក ឈ្មោះ Muhammad Idul អាយុ១៦ឆ្នាំ។ មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានទៅនេសាទត្រីជាមួយឪពុកម្តាយនៅសមុទ្រ Buton ក្បែរខេត្ត Sulawesi ភាគនិរតី ហើយគ្រាដែលក្មេងរងគ្រោះមិនចាប់អារម្មណ៍ ស្រាប់តែមានត្រី ចំពុះវែងស្រួច (ត្រីម្ជុល) បានលោតចេញពីផ្ទៃទឹក ហោះមកចាក់ទម្លុះករបស់ក្មេងប្រុសរងគ្រោះ បណ្តាលឲ្យធ្លាយ.កពីម្ខាងទៅម្ខាង។

ក្រោយកើតហេតុ ក្មេងរងគ្រោះ ត្រូវក្រុមគ្រួសារបានដឹកទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់សង្គ្រោះជីវិត ដោយក្រុមគ្រូពេទ្យជំនាញប្រើពេល២ម៉ោង ទើបអាចសង្គ្រោះជីវិតក្មេងរងគ្រោះរួចផុតពីសេចក្តីស្លាប់បាន ៕