ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋចំនួន២គ្រួសារនៅភូមិជប់ ក្នុងស្រុកសូទ្រនិគម នៅតែបន្តប្រើប្រាស់ត្បាល់កិនស្រូវបុរាណ ក្នុងបំណងផលិតអង្ករសម្រូប សម្រាប់ដាំបាយហូបដោយខ្លួនឯង និងទុក្ខបង្ហាញដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសិក្សាឈ្វេងយល់។

អ្នកស្រី ខ្លួន សូនី រស់នៅក្នុងមូលដ្ឋានខាងលើ ដែលកំពុងប្រើប្រាស់ត្បាល់កិនស្រូវបុរាណនេះ បានឱ្យដឹងថា បច្ចុប្បន្ននេះដោយសារប្រទេសមានការរីកចម្រើន ការផលិតអង្ករសម្រាប់ទទួលទានប្រចាំថ្ងៃ ប្រជាពលរដ្ឋភាគច្រើនបំផុតបានប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ព្រោះវាមានភាពងាយស្រួល លឿនឆាប់រហ័ស និងចំណេញពេលវេលា ប៉ុន្តែសម្រាប់អ្នកស្រី គឺបានរក្សាទុកសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតអង្ករ មានដូចជាត្បាលកិនស្រូវ និង ក្តឿងសម្រាប់ជាន់អង្ករ ។

ស្រ្តីខាងលើបន្តថា មូលហេតុដែលអ្នកស្រីបន្តប្រើប្រាស់សម្ភារនេះ គឺទី១- ទុកសម្រាប់ផលិតអង្ករសម្រូប និង អង្ករសម្រិតសម្រាប់ហូបខ្លួនឯង និង ទី២-ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាឈ្វេងយល់ ព្រោះសម្ភារទាំងនេះ បច្ចុប្បន្នមិនសូវមានអ្នកប្រើប្រាស់ ហើយក៏ស្ទើរតែបាត់បង់ដែរ ដែលធ្វើឱ្យយុវជនមួយចំនួនមិនដែលធ្លាប់ស្គាល់នោះទេ ជាពិសេសក្មេងដែលរស់នៅទីក្រុង ហើយចំពោះសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតជាអង្ករនេះ ក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេសផងដែរ ដោយក្នុង១ខែ គាត់អាចទទួលបានចំណូលពីភ្ញៀវទេសចរប្រមាណជា១០០ដុល្លារអាមេរិក ។

លោកស្នើ សុខុយ ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងភូមិជប់នេះ មានប្រជាពលរដ្ឋចំនួន២គ្រួសារបានរក្សាទុកសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតអង្ករនេះ ហើយលោកក៏បានទាក់ទាញ់ភ្ញៀវទេសចរឱ្យមកទស្សនា ដើម្បីឱ្យពួកគាត់ទទួលបានចំណូលពីវិស័យទេសចរណ៍ផងដែរ ៕