ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីយោធាម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូសិស្សសាលា៣គ្រឿង និងកង់១គ្រឿង បណ្ដាលឲ្យរបួសមនុស្ស៤នាក់ ។

ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅខាងមុខវិទ្យាល័យព្រះបាទសុរាម្រិត ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ៨៧ និង៨៨ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
អ្នកបើកបររថយន្តបង្ក ឈ្មោះលី ហួត ជាមន្រ្តីយោធា ឋានន្តរសក្តិអនុសេនីយ៍ឯក បម្រើការងារនៅអង្គភាពវិស្វកម្ម ក្រសួងការពារជាតិ។


ប្រភពនៅកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស្លែ ពាក់ស្លាកលេខខេមរភូមិន្ទ2.74 36 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូរបស់សិស្សចំនួន៣គ្រឿង និងកង់១គ្រឿងដែលពួកគេកំពុងឈប់នៅលើចិញ្ចើមផ្លូវ បម្រុងឆ្លងផ្លូវទៅម្ខាងទៀត បណ្ដាលឲ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពិនិត្យជាតិអាល់កុលផងដែរ ។ រីឯសិស្សរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕