ខេត្តស្ទឹងត្រែង៖ ផ្ទះរបស់មន្រ្តីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង១ខ្នង ស្ថិតនៅភូមិត្រពាំងព្រីង ស្រុកស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវអគ្គិភ័យឆេះបំផ្លាញក្លាយជាផេះផង់អស់គ្មានសល់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
ផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញនោះ មានទំហំ១៤ម៉ែត្រ គុណនឹង៨ម៉ែត្រ មានម្ចាស់ឈ្មោះជ័យ សុជាតិ មុខរបរមន្រ្តីមន្ទីរសុខាភិបាលខេត្ត។

សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង អធិការស្រុកថាឡាបរិវ៉ាត់១គ្រឿង និងរបស់ព្រលានយន្តហោះ១គ្រឿង ចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់២០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសឬស្លាប់ក្នុងហេតុការណ៍នេះឡើយ ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕