ខេត្តកំពង់ធំ ៖ ប៉ូលិសជើងខ្លាំង២នាក់បងប្អូន ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ ក្រោយពីពួកគេបានយកអំណាចរបស់ខ្លួនទៅកាងម្តាយដែលបានក្លែងបន្លំឯកសាររំលោភយកដីរដ្ឋ៤៥០ហិចតារ ថាប្រជាពលរដ្ឋជាអ្នកលក់ឲ្យ ដោយដើរគំរាមប្រជាពលរដ្ឋ និងមេភូមិ ដែលជាសាក្សីទៀតផង ។

ប៉ូលិសជើងខ្លាំង២នាក់បងប្អូន មានឈ្មោះ ហេង សារុំ និង ឈ្មោះហេង ស៊ីនី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទគំរាមសាក្សី ក្រោយពីបានមកបំភ្លឺនៅតុលាការខេត្តកំពង់ធំ ក្នុងសំណុំរឿងម្តាយឈ្មោះ ស៊ីម ម៉ាលី បានក្លែងឯកសាររំលោភយកដីរដ្ឋ៤៥០ហិចតារ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ចំពោះប៉ូលិស២នាក់ដែលបានធ្វើខុស គឺមិនពាក់ព័ន្ឋនិងអង្គភាពនោះទេ គឺទុកឲ្យច្បាប់ជាអ្នកចាត់ការចុះ ។ លោកមិនកាន់ជើងចំពោះបុគ្គលណាដែលប្រព្រឹត្តខុសនោះឡើយ គឺត្រូវអនុវត្តតាមច្បាប់។

សូមបញ្ជាក់ថា ករណីសំណុំរឿង លោកស្រី ស៊ីម ម៉ាលី ដែលបានយកដីរដ្ឋឈូសឆាយ ហើយជួលដី និងទឹកឲ្យប្រជាពលរដ្ឋ ក្នុងមួយហិចតារ២០០ដុល្លា និងបានព្រមព្រៀងគ្នាផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ ខណៈពេលដែលប្រជាពលរដ្ឋ បានជួលដីនឹងទឹក លោកស្រី ស៊ីម ម៉ាលី បានបង្គាប់ឲ្យប្រជាពលរដ្ឋ កូបពីអត្តសញ្ញាណប័ណ្ណគូល័រ មកឲ្យអ្នកស្រី ក្រោយមកក៏បែកធ្លាយរឿងអ្នកស្រីយកអត្តសញ្ញាណប័ណ្ណទាំងនោះ មកក្លែងឯកសារ ដោយចោទថា ដីទាំង៤៥០ហិចតារ គឺបានទិញពីប្រជាពលរដ្ឋទៅវិញ មិនតែប៉ុណ្ណោះ អ្នកស្រីមិនបានផ្តល់ទឹកជូនប្រជាពលរដ្ឋ ទាំង១៥គ្រួសារនោះឡើយ ថែមទាំងប្រមូលលុយថ្លៃជួលបាន៥០ភាគរយ ស្មើនឹង៥០០០០ដុល្លា។

ក្រោយមកមានតំណាងប្រជាពលរដ្ឋ៤នាក់ ឲ្យប្រជាពលរដ្ឋ១៥គ្រួសារ បានកើតការក្តៅក្រហាយ កើតទុក្ខមិនសុខចិត្ត មកដាក់ពាក្យបណ្តឹង មកតុលាការខេត្តកំពង់ធំ ដើម្បីទាមទារសំណង៤០ម៉ឺនដុល្លារ ពីអ្នកស្រីស៊ីម ម៉ាលី តែត្រូវបានគេចខ្លួនបាត់មិនចូលមកដោះស្រាយតាមនីតិវិធីច្បាប់ ខណៈនេះសមត្ថកិច្ចកំពុងតែព្យាយាមទំនាក់ទំនង ឲ្យអ្នកចូលមកបំភ្លឺនៅតុលាការ ។

ជុំវិញករណីខាងលើនេះ “KBN” មិនអាចសុំការបំភ្លឺពីភាគីរងការចោទការប្រកាន់បានទេ តែយើងរង់ចាំស្វាគមន៍ជានិច្ច ៕