បរទេស៖ នៅប្រទេសវៀតណាម គិតត្រឹមតែរយៈពេល២សប្ដាហ៏ប៉ុណ្ណោះ ចំនួនគ្រោះថ្នាក់ចរាចរណ៏មានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានអនុវត្តន៏ច្បាប់ស្ដីពីការហាមបើកបរក្នុងពេលស្រវឹង ច្បាប់នេះត្រូវបានរឹតបន្តឹងជាពិសេសចំពោះមន្រ្ដីរាជការ និងកងកម្លាំងប្រដាប់អាវុធ

លោក ឡេ ស៊ុនឌុក អនុប្រធាន ​នាយក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​នៃ​ក្រសួង​សន្តិ​សុខ​សាធារណៈ​វៀត​ណាម​(MoPS)​ បានថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍ នៅ​ទី​ក្រុង​ហា​ណូយ​ កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មករា លោក​បាន​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​៣២២​បាន​កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥​ខែ​មករា ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​២៤៩​នាក់ និង​រង​របួស​ចំនួន​១៥៨​នាក់​។ លោកបាន​បន្ទទៀត​ថា ចំនួន​គ្រោះ​ថ្នាក់​បាន​ធ្លាក់​ចុះ​៣១​លើក​ឬ​៩​ភាគ​រយ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​ចំនួន​៣៨​នាក់​ឬ​១៣​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​២​សប្តាហ៍​មុន​។

យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី​របស់​ប្រទេស​វៀត​ណាម​នេះ បានកំណត់ថាប្រសិនបើអ្នកណាម្នាក់បាន​បើក​បរ​ក្រោម​ឥទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង​ជននោះត្រូវព្យួរ​ប័ណ្ណ​បើក​បរ​២២​ខែ​ ទៅ២៤ខែ និង​ផាក​ពិន័យទឹក​ប្រាក់​១.២៩៧​ដុល្លារ។ ច្បាប់នេះត្រូវបានអនុវត្តន៏ចាប់តាំងពីដើមខែមករាមកម្លេះ ហើយក្នុងនោះដែលប៉ូលីសចរាចរណ៏វៀតណាម បាន​ផាក​ពិន័យ​អ្នក​បើក​បរ​ចំនួន​៦.២៧៩​នាក់  និង​ប្រមូល​ប្រាក់​បាន​ជាង​២១​ពាន់​លាន​ដុង​(​៩០៧.៧៥០​ដុល្លារ​) ។

ជាមួយគ្នានេះដែរ ច្បាប់​នេះ​ត្រូវ​បាន​រឹត​បន្តឹង​ជា​ពិសេស​សម្រាប់​មន្ត្រី​រាជ​ការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ក្នុង​អំឡុង​ពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះ មិន​មាន​គ្រោះ​ថ្នាក់​ទាក់​ទង​នឹង​គ្រឿង​ស្រវឹង​ធ្ងន់​ធ្ងរ​ទេ​ ៕