ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាអតីតប្ដី ក្រោយលះលែងគ្នាអស់រយ:ពេល៤ឆ្នាំមកហើយនោះ នៅតែតាមមករករឿងស្ត្រីរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួនមិនស្រាកស្រាន្ត រហូតកាប់ស្ត្រីរងគ្រោះឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទមនុស្សឃាត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ។

ជនសង្ស័យឈ្មោះ ភួង គឹមហាក់ អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។
ជនរងគ្រោះឈ្មោះ ផែង សុខហេង ភេទស្រី អាយុ៣៧ឆ្នាំ ជាអតីតប្រពន្ធរបស់ជនសង្ស័យ រស់នៅភូមិ/ឃុំកើតហេតុជាមួយគ្នា។
ស្ត្រីរងគ្រោះ និងជនសង្ស័យដែលបានលះលែងគ្នាអស់រយ:ពេល ៤ ឆ្នាំមកហើយនោះ តែជនសង្ស័យជាអតីតប្ដី តាមមករករឿងលើស្ត្រីរងគ្រោះមិនស្រាកស្រានឡើយ ដោយពេលខ្លះនិយាយឌឺដង ជេរដៀលដល់ពូជអំបូរ ជួនពេលខ្លះមានទាំងពូថៅកាំបិតដាក់តាមខ្លួនប៉ុនប៉ងសម្លាប់លើស្ត្រីរងគ្រោះទៀតផង។

នៅទីបំផុត ជនសង្ស័យបានយកកាំបិតកាប់ស្ត្រីរងគ្រោះប៉ុនប៉ងសម្លាប់មែន តែស្ត្រីរងគ្រោះគ្រាន់តែរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកបរិបូរណ៌ ចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕