ខេត្តត្បូងឃ្មុំ៖ សិស្សវិទ្យាល័យក្រូចឆ្មារ កំពុងអង្គុយរៀនក្នុងថ្នាក់សុខៗ ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៣៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងចាប់ពីម៉ោង០១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមិនមានសិស្សណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

បើតាមរបាយការណ៍របស់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញនេះ ចាប់ពីវេលាម៉ោង០១ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់បានសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ចំពោះមូលហេតុសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះ គឺសិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ មានសភាពខ្សោយ តាមរបៀបរៀនច្រើនពេក ពេលសំរាកបានតិចពេក។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ៕