ភ្នំពេញ៖ ជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយធ្វើសកម្មភាពត្រួតវាយបុរសម្នាក់ជាកម្មករលាងរថយន្តបណ្ដាលឲ្យរងរបួស ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ឃាត់ខ្លួន នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខដីឡូត៍គ្មាន ផ្លូវលេខ៣៧៤ ក្រុម៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។

ជនសង្ស័យ ឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាដក (ធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។ វត្ថុតាងចាប់យកមាន ៖ ម៉ូតូកង់បីចំនួន01គ្រឿង គ្មានលេខ លេខតួ+លេខម៉ាស៊ីនរលប់ , ថ្នាំញៀនចំនួន៤កញ្ចប់តូច , កាំបិតប៉័ងតោចំនួន១ , កូនកាំបិតចុងស្រួច១, ទូរស័ព្ទម៉ាក Nokia អិនចុចពិលចំនួន២គ្រឿង , ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន២ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។

ចំណែកបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួន ម្នាក់ឈ្មោះ យួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះឈ្មោះ ប៉ែន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្ដ ស្នាក់នៅផ្ទះលេខ ២៧៩ ផ្លូវព្រះមុនីរេត សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រងរបួសថ្ពាល់ខាងឆ្វេង និងរបួសដៃខាងស្ដាំ ។ ទ្រព្យសម្បត្តិខូចខាតរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាកឌុក ពណ៌ទឹកក្រូច ស៊េរី ឆ្នាំ២០១៤ ពាក់ស្លាក់លេខ ភ្នំពេញ 1CM-7804 បែកចង្កៀត និងបាក់ស្ដុបខាងស្ដាំ និងផ្នែកខាងក្រោយបាក់កន្ទុយស្លាក់លេខ ។

ជនសង្ស័យឈ្មោះ ស៊ឹម ធី ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ កសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធី ៕