ភ្នំពេញ៖ អ្នកជំនាញកំពូលផ្នែកជួញដូររូបិយប័ណ្ណបរទេស ដែលមកពីប្រទេសជប៉ុននិងសហរដ្ឋអាមេរិកចែករំលែកចំណេះដឹងអំពីការវិនិយោគ ទៅកាន់សិក្ខាកាមជាច្រើនរយនាក់ ក្រោមប្រធានបទអំពី ការបង្កើនប្រាក់ចំណូលទ្វេដងនៅឆ្នាំ២០២០ ដែលបានធ្វើឡើងកាលពីថ្ងៃ២៨ នឹងថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ នៅឯសាលមហោស្រព Urban Village។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមស៊ូ សុជាតិ ដែលជាអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៏ស្តីពីការចាប់ផ្តើម និងការអនុវត្តយ៉ាងជោគជ័យនៃផែនការនៃការអភិវឌ្ឍន៏។ បន្ថែមពីនេះទៀត ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ការកសាងសមត្ថភាពរបស់វិនិយោគិនគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយក្នុងនោះទាមទារឱ្យមានវិន័យក្នុងការគ្រប់គ្រងអារម្មណ៏ និងចំណេះដឹងអំពីបច្ចេកទេស ដើម្បីទទួលបានភាពជោគជ័យ។

លោក Naoto Arase ប្រធានកផ្នែក Fintech ដែលបានបម្រើការងារនៅក្នុងវិស័យនេះអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ នៅធនាគារធំៗ ទូទាំងពិភពលោក បានចែករំលែកបទពិសោធន៍របស់លោកជា អ្នកជំនាញផ្នែកជួញដូររូបិយប័ណ្ណបរទេស។ លោកបានមានប្រសាសន៍ថា“ វាជាការសំខាន់ណាស់ដែលត្រូវអនុវត្តតាមច្បាប់របស់គណៈកម្មការមូលបត្រកម្ពុជា ប៉ុន្តែវិនិយោគិនចាំបាច់ត្រូវអនុវត្តតាមវិធាននៃការជួញដូរដើម្បីទទួលបានជោគជ័យ។

លោក Naoto ក៏បានសង្កត់ធ្ងន់នៅក្នុងសិក្ខាសាលាវិនិយោគនេះ អំពីសារៈសំខាន់នៃការអនុវត្តនូវការគ្រប់គ្រងហានិភ័យ ដូច្នេះវិនិយោគិនអាចការពារប្រាក់របស់ពួកគេបាន។ លោកបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តការសិក្សាពីការជួញដូរនេះ ពីអ្នកជំនាញដែលទទួលបានការជោគជ័យ។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែ ភី ថលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសិក្ខាសាលាតាមបណ្តាខេត្តផ្សេងៗគ្នាដើម្បីអប់រំប្រជាជនកម្ពុជាអំពីការជួញដូរឧបករណ៍និស្សន្ទ ។ វិនិយោគិនកាន់តែច្រើនបាននិងកំពុងទៅការិយាល័យរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល ដើម្បីចូលរួមកម្មវិធី Forex Trading Master class ដោយប្រើការអនុវត្តល្អបំផុតនិងឧបករណ៍ថ្មីៗនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ៕