រាជធានីភ្នំពេញ ៖ ជនជាតិចិនដីគោកម្នាក់ លួចលុយខ្មែរ៥០ម៉ឺនក្នុងឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ វួយ ជីងអ៊ីង (WEI JINYUN) ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិចិនដីគោក គ្មានលិខិតឆ្លងដែន ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។


ចំណែកជនរងគ្រោះឈ្មោះ ទួន ខន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ទិញ-លក់ អេតចាយ ។
មុនពេលកើតហេតុ ជនរងគ្រោះចតរថយន្តទុកនៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ស្រាប់តែជនសង្ស័យជាជនជាតិចិនដីគោកខាងលើ បានលួចលុយខ្មែរចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ដែលទុកក្នុងរថយន្តនោះ ហើយជនរងគ្រោះ ឈ្មោះ ទួន ខន ឃើញទាន់ ក៍ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់តាមនីតិវិធី ។ ចំណែកលុយខ្មែរចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល)នោះ សមត្ថកិច្ចប្រគល់ឲ្យម្ចាស់វិញ៕