ខេត្តសៀមរាប៖ បុរសម្នាក់ មានអាការមិនស្រួលខ្លួន បានមកផ្ទះគ្រូពេទ្យត្បាញអាយ ជាជនជាតិវៀតណាម មកចាក់ថ្នាំឲ្យ តែមិនដឹងថា គូ្រពេទ្យអត់ចូលសាលានោះយកថ្នាំអ្វីមកចាក់ឲ្យទេ ពោលគឺក្រោយពីចាក់ថ្នាំរួច ស្រាប់តែបុរសរូបនោះ ប្រកាច់ស្លាប់តែម្តង។
ករណីនេះ បានកើតឡើង នៅវេលាម៉ោង១៥ និង១០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅនឹងផ្ទះលោកគ្រូពេទ្យអត់ជំនាញនោះតែម្តង ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា គ្រូពេទ្យដែលចាក់ថ្នាំ បណ្តាលឲ្យមនុស្សស្លាប់នេះ មានឈ្មោះម៉ៅ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែក ជនរងគ្រោះ ឈ្មោះ ពោ ទឹម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា គឺស្លាប់នៅផ្ទះលោកគ្រូពេទ្យតែម្តង។


ក្រោយកើតហេតុ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាប និងមានការចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញនឹងករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕