ខេត្តកណ្ដាល៖ បុរសម្នាក់មានអាការមិនសូវស្រួ លខ្លួន ក៏បានចូលម៉ាស្សា « 744 សម្បត្តិដៃទិព្វ» តែអកុសល ពេលចូលម៉ាស្សាបានបន្តិច ស្រាប់តែបែកញើស កន្ត្រាក់ដៃជើងសន្លប់លែងដឹងខ្លួន ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលវេលាម៉ោង១៤ និង១០នាទី ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
ជនរងគ្រោះឈ្មោះ ហេង ទីតូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានអាការមិនស្រួលខ្លួន ក៏បានចូលទៅម៉ាស្សាក្នុង « 744 សម្បត្តិដៃទិព្វ» លុះនារីម៉ាស្សាបានបន្តិច ស្រាប់តែជនរងគ្រោះ មានសភាពឈឺក្បាល បែកញើស និងកន្ត្រាក់ដៃជើង ធ្វើឲ្យម្ចាស់ផ្ទះម៉ាស្សា មានការភិតភ័យ ក៏ហៅ PassApp ដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក តែអកុសល ពេលទៅដល់មន្ទីរពេទ្យបង្អែក ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ផ្នែកពិនិត្យហេតុស្រុក សហការជាមួយកម្លាំងនគរបាលការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត គ្រូពេទ្យក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមគ្រួសារសព បានពិនិត្យឃើញថា ក្បាល ដងខ្លួន និងអវ:យវ: ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺជនរងគ្រោះស្លាប់ដោយខ្យល់គរ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕