រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានអោយ​ដឹង​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា បន្ទាប់​ពី​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ សប្បុរសជន​ដែល​បាន​ចូលរួម​បាន​ថវិកា​សរុប​ចំនួន​74,553,536$ និង​ជា​ប្រាក់​រៀល​ចំនួន 271,514,700 រៀល ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា បើ​គិត​ទាំង​ថវិការដ្ឋ 30​លាន​ដុល្លារ​ផង មាន​ចំនួន​104,553,536$ និង​
271,514,700​រៀល ។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាគ ដើម្បី​សង្គ្រោះ​ជិ​វិត​មនុស្ស​តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ ដែល​មាន​លក្ខណៈ​ទំនើប​និង​ពហុ​ឯកទេស ។​

ដោយ​ថវិកា​ដែល​ទទួល​បាន​ល្មម​គ្រប់គ្រាន់​ដើម្បី​ចំណាយ​លើ​ការ​សាងសង់ និង​បំពាក់​សម្ភារ​បរិក្ខារ​សម្រាប់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រួច​ហើយ សម្តេច​តេ​ជោ ប្រកាស​បញ្ចប់​ការ​ទទួលយក​នូវ​ការ​បរិច្ចាគ ពី​សប្បុរសជន ចាប់ពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ តទៅ ៕