រាជធានីភ្នំពេញ​ ៖ លោក នុ​ត ពុធ​ដា​រ៉ា អតីត​អភិបាល​ខណ្ឌដង្កោ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ តែងតាំង​លោក នុ​ត ពុធ​ដា​រ៉ា ជា​អភិបាលរង ខេត្តក្រចេះ​ជា​ផ្លូវការ ។

សូម​ជម្រាប​ថា អភិបាលរង​ខណ្ឌដង្កោ ដែល​ជា​ស្ត្រី​មួយ​រូប ត្រូវ​បាន​ប្រកាស​តែងតាំង ជា​ចៅហ្វាយខណ្ឌ ជំនួស​លោក នុ​ត ពុធ​ដា​រ៉ា ជាមួយនឹង​ការ​ប្រកាស​តែងតាំង​អភិបាលរង​មួយ​រូប​ផង​ដែរ ។ នេះ​ជា​លើ​ទី​១ ដែល​ស្ត្រី​ត្រូវ​បាន​ប្រកាស​ឲ្យ​កាន់​តំណែង​ជា​អភិបាល​ខណ្ឌ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៤ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ២០១៩​នេះ នៅ​សាលា​ខណ្ឌដង្កោ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

លោកស្រី គឹ​ម ញឹ​ប ឋានន្តរសក្ដិ​វរមន្ត្រី ថ្នាក់​លេខ ១ ដែល​មុន​នេះ លោកស្រី​ជា​អភិបាលរង​ខណ្ឌដង្កោ មក​កាន់ មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ជំនួស​លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​តែងតាំង​លោក ទុ​យ ច័ន្ទ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ឲ្យ​កាន់​មុខ តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​លោក នុ​ត ពុធ​ដា​រ៉ា នឹង​ត្រូវ​ទៅ​កាន់​តំណែង​ជា​អភិបាលរង​ខេត្តក្រចេះ ៕