រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​ចេញ​សេចក្ដីណែនាំ ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​នៃ​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុង​ដំណាក់កាល​អន្តរកាល គឺ​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ថ្មី និង​ការ​ប្រមូល​ចំណូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​មិន​ដាក់​ក្នុង​វិក្កយបត្រ​អគ្គិសនី ទៀត​ទេ ។​

​ក្នុងអំឡុងពេល​អន្តរកាល គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ រហូត​ដល់​ពេល​បង្កើត​បាន និង​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ នូវ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ថ្មី ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ដោយ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី មាន​សិទ្ធិ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម ប៉ុន្តែ​មិន​មាន​សិទ្ធិ ក្នុង​ការ​ប្រមូល​ថ្លៃ​សេវា តទៅ​ទៀត​ទេ ។​

​ក្នុង​សេចក្តីណែនាំ បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​រក្សា​ស្ថានភាព​ចំពោះ​តម្លៃ​សេវា​បច្ចុប្បន្ន ជា​បណ្តោះអាសន្ន​សិន និង​សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​អត្រា​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ដែល​បាន​បង់​រួច​ហើយ កាលពី​ខែតុលា ឆ្នាំ​២០១៩ ជា​មូលដ្ឋាន ដើម្បី​បន្ត​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុងអំឡុងពេល​អន្តរកាល​នេះ ។​

​ដើម្បី​ទំនើប​កម្ម​សេវា​សាធារណៈ និង​សម្រួល​ដល់​ការ​បង់ថ្លៃ​ប្រើប្រាស់​សេវា ឱ្យ​បាន​គ្រប់​ទីកន្លែង រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការ​ចេញ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម និង​សំណល់​រឹង​ជា​ក្រដាស ដូចដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី ហើយនឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ បង់​ទូទាត់​តាម​មធ្យោបាយ​អេ​ឡិច​ត្រូ​និក ជំនួស​វិញ​ដូច​ខាងក្រោម ៖

​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ តទៅ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំខែ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥​នៃ​ខែ​បន្ទាប់ (​ឧទាហរណ៍ សម្រាប់​ថ្លៃ​សេវា​ប្រចាំ​ខែមករា ឆ្នាំ​២០២០ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥​ខែកុម្ភៈ​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេ​ឡិច ត្រូ​និក (​តាម​ទូរស័ព្ទ​ដៃ​) ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ ACLEDA ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេង​ៗ​ទៀត​ដូច​ជា eMONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay​។​ល​។​

​អតិថិជន​ក៏​អាច​ជ្រើសរើស​បង់ថ្លៃ​សេវា​សម្រាប់​ច្រើន​ខែ​ទុកជា​មុន​បាន​ផង​ដែរ ដោយ​ប្រព័ន្ធ​ទូទាត់​នឹង​ធ្វើការ​កាត់កង​និង​បង្ហាញ​សមតុល្យ​ទឹកប្រាក់​នៅ​សល់​ជា​ស្វ័យប្រវត្តិ​ជា​រៀង​រាល់​ខែ ។ ក្នុង​ករណី​ខក​ខានមិនបាន​បង់​ទូទាត់​ក្រោយ​រយៈពេល​ដប់​ប្រាំ (១៥) ថ្ងៃ នៃ​ដំណាច់ខែ​នីមួយ​ៗ នឹង​ត្រូវ​បាន​ចាត់ទុកជា​បំណុល ដែល​ជា​កម្មវត្ថុ​នៃ​ការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​វិធាន​ការណ៍​ផ្សេង​ៗ​ទៀត​តាម​ការ​ចាំបាច់​។​

១- ចំពោះ​អតិថិជន​ដែល​ធ្លាប់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ក្នុង​វិក្កយបត្រ​អគ្គិសនី​៖ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែល​បាន​បង់​កាលពី​ខែតុលា ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​វាយ​បញ្ចូល លេខ​សំគាល់​អតិថិជន (ID) ដែល​មាននៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី​ ។​

២-​ចំពោះ​អតិថិជន​ដែល​ធ្លាប់​បង់ថ្លៃ​សេវា ដោយ​ផ្ទាល់​ជូន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​៖ អតិថិជន​មិន​ត្រូវ​បន្ត​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ជូន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​តទៅ​ទៀត​ទេ ប៉ុន្តែ​ត្រូវ​បង្វែរ​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​វិញ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​ធនាគារ ដូច​បាន​ជម្រាប​ជូន​ខាងលើ ដោយ​ផ្អែក​តាម​ថ្លៃ​សេវា​ដែល​បាន​បង់​ឱ្យ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ដូច​មាននៅ​ក្នុង​វិក្កយបត្រ​ចុង​ក្រោយ​ហើយ​ត្រូវ​បង្ហាញ​ឯកសារ​បង់ប្រាក់​នៅ​បញ្ហារ​បង់ប្រាក់​របស់​ធនាគារ ឬ​ភ្នាក់ងារ​ទូទាត់​ផ្សេង​ៗ​ទៀត ដូច​បាន​ជម្រាប​ជូន​ខាងលើ ​។​

៣- ចំពោះ​អតិថិជន​ដែល​មិន​ធ្លាប់​បង់ថ្លៃ​សេវា​ជូន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​សោះ​៖ អតិថិជន​ត្រូវ​យក លេខ​សម្គាល់​អតិថិជន (ID) របស់​ខ្លួន​នៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី មក​បង់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​ធនាគារ ដូច​បាន​ជម្រាប​ជូន​ខាងលើ​កុំបី​ខាន​ ។​

​សូម​បញ្ជាក់ អតិថិជន​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ត្រូវ​ប្រើប្រាស់ លេខ​សម្គាល់​អតិថិជន (ID)​ដែល​មាននៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី ដូច​មាន​គំរូ​ឧ​ប​សម្ព័ន្ធ​ភ្ជាប់​មក​ជាមួយ​។​ ទទួល​បាន​សេចក្តីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​បង្កើត​សំរាម​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រីក​វប្បធម៌​ចូលរួម ក៏​ដូច​ជា​ការ​រក្សា​អនាម័យ បរិស្ថាន​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់​ស្អាត និង​ត្រូវ​អនុវត្ត​សេចក្តីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕