ខេត្តរតនគិរី៖ បុគ្គលិកគ្រឹះស្ថានមីក្រូហិរវត្ថុរហត្ថាកសិករម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់នឹងកន្លែងមួយរំពេច។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៧៨A ស្ថិតភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ។

ជនរងគ្រោះមានឈ្មោះ ម៉ី សែន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរវត្ថុរហត្ថាកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-2232 ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើយ៉ាងលឿន។ លុះមកដល់ចំណុចខាងលើក៏បុកពីក្រោយរថយន្តមួយគ្រឿង បណ្តាលឲ្យដួលបោកក្បាលស្លាប់តែម្តង រីឯរថយន្តបន្តដំណើរទៅមុខទៀតបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការស្រាវជ្រាវរករថយន្តមកធ្វើការដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តៅសោកស្តាយជាទីបំផុត៕