រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​លោក នុ​ត ពុធ​ដា​រ៉ា ភ័យ​ព្រួយ​កាលពី​កន្លង​មក គឺ​ព្រួយ​ពី​តំណែង​ចៅហ្វាយខណ្ឌ​នោះ បាន​មក​ដល់​ហើយ ថ្ងៃនេះ លោកស្រី គឹ​ម ញឹ​ប ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ជំនួស​លោក នុ​ត ពុធ​ដា​រ៉ា ។​

​ពិធី​ប្រកាស​ផ្លាស់​ប្ដូរ​អភិបាល​ខណ្ឌ​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។​

​លោកស្រី គឹ​ម ញឹ​ប ឋានន្តរ​ស័​ក្ត​វរមន្ត្រី ថ្នាក់​លេខ​១ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង ឱ្យមក​កាន់​មុខ​តំណែង ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជំនួស​លោក នុ​ត ពុធ​ដា​រ៉ា និង​មានការ​ប្រកាស​តែងតាំង​អភិបាលរង​ខណ្ឌ​ម្នាក់​ផង​ដែរ គឺ​លោក ទុ​យ ច័ន្ទ ។​

​អ្វី​ដែល​គេ​ចាំ​មិន​ភ្លេច​នោះ​ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្តីបន្ទោស​លោក នុ​ត ពុត​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​គ្រា​ដែល​សម្តេច បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​សរុប​១៤,៧៩៩​នាក់​ទៀត មក​ពី​រោងចក្រ សហគ្រាស​ចំនួន​៦ ក្នុង​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ស្តីបន្ទោស​ខ្លាំង​ៗ​ទៅ​លោក នុ​ត ពុត​ដា​រ៉ា ចៅហ្វាយ​ខណ្ឌដង្កោ ដែល​បាន​ផ្ញើ​សារ​ទៅ​សម្តេច​ទាំង​យប់ ​ដោយ​សុំ​បន្ត​ដំណែង​នៅ​កន្លែង​ដដែល​២​ឆ្នាំ​ទៀត នៅ​គ្រា​ដែល​សម្តេច​មិន​បាន​ដឹងផង​នោះ​ ។​

​សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍យ៉ាងដូច្នេះ​ថា ៖ ឯណា នុ​ត ពុត​ដា​រ៉ា ? រួច​ចុះ​ហ្អែ​ង​ឡប់​ស្អី ? ទាំង​យប់​ហ្នឹង​…! បាន​បង្ខំ​អញ​ត្រូវ​វ៉ៃ​ម៉ោ​ទាំង​យប់​នៀក​ ? ផ្ញើ​សារ​មក​ឯង​ទាំង​យប់​អា​ធ្រា​ត្រ​ម៉ោង​១១​យប់​ហើយ ចង់​នៅ​បន្ត​២​ឆ្នាំ​ទៀត​…!!! អាណា​ចង់​ដក​ហ្អែ​ង​…!!! បើ​អញ​មិន​ដឹងផង អាណា​ចង់​ដក​ហ្អែ​ង​…!!! ស្ថិត​នៅ​ក្រោម​ក្រសួងមហាផ្ទៃ​មែន តែ​ការ​តែងតាំង​ក៏​ត្រូវ​ឆ្លង​អញ​ដែរ​..!!! បើ​ប្រាប់​ពេល​នេះ​មិន​ទាន់​បាន ចាំ​ផ្ញើ​សារ​ប្រាប់​អញ​ពេល​ក្រោយ​ក៏​បាន​…!! ​។​

​ជា​ការ​កត់សម្គាល់ លោក នុ​ត ពុត​ដា​រ៉ា កាលពី​នៅ​ក្នុង​តំណែង​ជា​អភិបាល​ខណ្ឌ​នោះ លោក​តែងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដឹកនាំ​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជួប​សំណេះសំណាល​ជា​ប្រចាំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ការ​ធ្វើ​វេទិកាសាធារណៈ ដើម្បី​ក្ដាប់​ឲ្យ​បាន​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវការ ។ សម្រាប់​ដំណាក់កាល នៃ​ការ​បោះ​ឆ្នោត ទាំង​បោះ​ឆ្នោត​ថ្នាក់​ជាតិ និង​ឃុំ​សង្កាត់ គេសង្គេត​ឃើញថា សម្រាប់​ខណ្ឌដង្កោ គឺ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ទទួល​បាន​សម្លេង​គាំទ្រ យ៉ាងច្រើន​លើសលប់ ៕