យោងតាមគណនីហ្វេសប៊ុក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានបង្ហោះរូបភាព កាលពីម្សិលមិញ ដោយភ្ជាប់ជាមួយសំណេរថា « ដំណាំស្រូវបណ្ដេញទឹក របស់បងប្អូនប្រជាកសិករប្រមាណ៤ភូមិ ក្នុងសង្កាត់ជ្រាវ ដែលរងការខ្វះខាតទឹក ជាច្រើនហិកតា ត្រូវបានជួយសង្គ្រោះ»។

ហ្វេសប៊ុកដដែលបន្តថា«កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាកសិករ លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានចាត់អោយ មន្ត្រីការិយាល័យកសិកម្មក្រុង និងអាជ្ញាធរសង្កាត់ជ្រាវ ចុះទៅពិនិត្យមើល ស្ថានភាព ដំណាំស្រូវបណ្ដេញទឹក របស់បងប្អូនប្រជាកសិករ នៅក្នុងភូមិបឹង ភូមិក្រសាំង ភូមិវាល និងភូមិជ្រាវ សង្កាត់ជ្រាវ ដែលរងការខ្វះខាតទឹកស្រោចស្រព ដែលអាច ធ្វើអោយស្រូវ របស់បងប្អូនប្រជាកសិករ ប្រឈមនិងបញ្ហារ ស្វិតជាច្រើនហិកតា នៅថ្ងៃខាងមុខនេះ ។

ក្រោយចុះពិនិត្យ ក្រុមការងារ បានធ្វើការស្នើរ តាមរយះរដ្ឋបាលក្រុងសៀមរាប ទៅលោកប្រធានមន្ទីធនធានទឹក និង លោកអគ្គនាយក អាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងទឹក ក្នុង ដងស្ទឹងសៀមរាប អោយជួយបើកទ្វារបង្ហូរទឹក អោយបានខ្លាំង តាមប្រពន្ធ័ប្រឡាយទឹកដែលមានស្រាប់ ចូលទៅដីស្រែបងប្អូនប្រជាកសិករ ដើម្បីសង្គ្រោះស្រូវបណ្តេញទឹក ដែលកំពុងជួបបញ្ហារប្រឈម នេះផងដែរ ។ នៅក្នុងថ្ងៃដដែលនេះ ក្រោយទទួលបានការស្នើរសុំពីបងប្អូនប្រជាកសិករ មន្ទីធនធានទឹក និង អង្គភាពអាជ្ញាធរជាតិអប្សរា បានធ្វើការឆ្លើយតប ដោយបើកទ្វារ បញ្ជូនទឹក ទៅជួយសង្គ្រោះដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ជាបណ្តើរៗហើយ »។