ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ បានគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែខំប្រឹងរួមភេទជាមួយនារីជាដៃគូខ្លាំងពេក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះជុំ ពិជ័យ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយកើតហេតុ កម្លាំងជំនាញនគរបាលក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត ចុះត្រួតពិនិត្យសពជនរងគ្រោះ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីធ្វើការពិនិត្យរួច សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ។ មូលហេតុ មកពីជនរងគ្រោះខំប្រឹងការរួមភេទ ជាមួយនារីជាដៃគូខ្លាំងពេក។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕