ខេត្តកំពង់ឆ្នាំង! សិស្សសាលាបឋមសិក្សាយុគន្ធ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កំពុងរៀននៅក្នុងសាលាឆាន់វត្តយុគន្ធ ធ្វើជាបន្ទប់រៀនបណ្តោះអាសន្ន ក្រោយពីអគារសាលាត្រូវភ្លើងឆេះបំផ្លាញកាលពីកន្លងទៅ។ សូមបញ្ជាក់ថា កាលពីមុនសាលាបឋមសិក្សាយុគន្ធ មានអគារសិក្សាចាស់សង់អំពីឈើចំនួន៣ខ្នង ៦បន្ទប់ តែអកុសល ត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

ចាប់ពេលនោះមក សាលាពុំមានអគារឲ្យសិស្សរៀនបានត្រឹមត្រូវទៀតទេដោយបានសុំសាលាឆាន់វត្តយុគន្ធ ធ្វើជាអគារឲ្សសិស្សរៀនមកទល់សព្វថ្ងៃ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះ សាលាកំពុងខ្វះខាតសៀវភៅសិក្សាគោល និងសម្ភារៈសិក្សាមួយចំនួនទៀត ព្រមទាំងបន្ទប់ថ្នាក់រៀនផងដែរ។

ដោយសារតែជួបនឹងការលំបាកដូចខាងលើនេះ លោកនាយកសាលា លោកគ្រូ និងសិស្សានុសិស្ស សូមអំពាវនាវដល់ថ្នាក់លើ និងសប្បុរសជន ជិតឆ្ងាយ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មេត្តាជួយឧបត្ថម្ភសាងសង់សាលាដោយក្តីអនុគ្រោះផង ហើយពួកគាត់ជឿជាក់ថា បើសម្តេចបានឃើញបានដឹងដំណឹងនេះ សម្តេចច្បាស់ជាមិនទុកឲ្យកូនចៅអ្នកស្រុក ដែលជាកូនចៅរបស់សម្តេចលំបាកទៀតឡើយ៕