រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្តល់ក្របខណ្ឌដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន ១,៣០០នាក់ ។


ក្របខណ្ឌដែលត្រៀមនឹងផ្តល់ជូនក្រសួងទាំង២ខាងលើនេះ គឺដោយសារកំណើននៃសិស្សានុសិស្សដែលកើនឡើងជារៀងរាល់ឆ្នាំ ហើយទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួនត្រូវបានចូលនិវត្តន៍ ដែលតម្រូវឲ្យមានការជ្រើសរើសបុគ្គលិកមន្រ្តីរាជការបន្ថែម ហើយនេះក៏ដូចគ្នានឹងវិស័យសុខាភិបាលផងដែរ ដែលរាជរដ្ឋាភិបាលត្រូវបង្កើនទាំងអគារពេទ្យ និងធនធានគ្រូពេទ្យឲ្យកាន់តែច្រើនឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុង រហូតដល់ជនបទ៕